(ភ្នំពេញ)៖ ក្រោយសវនការបិទបញ្ចប់ នៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមនៃសំណុំរឿង លោក រ៉ាត់ រត្ន័មុនី ដែលផលិតវីឌីអូប្រឌិតរឿង «ម្តាយខ្ញុំលក់ខ្ញុំ» នៅសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

នៅក្នុងអង្គសវនាការថ្ងៃនេះ មាសាក្សីដ៏សំខាន់ម្នាក់គឺ លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី។ លោកបានបញ្ជាក់ជូន អង្គសវនាការថា លោក រ៉ាត់ រ័ត្នមុនី បានស្នើសុំទីតាំងសាលារបស់លោក ថតវីដេអូ រឿងជីវភាពប្រជាពលរដ្ឋខ្មែរក្រោយរបបប៉ុលពត។ ផ្ទុយពីការស្នើសុំ លោក រ៉ាត់ រ័ត្នមុនី បែរជាផលិតវីដេអូ ពាក់ព័ន្ធម្តាយលក់កូន ឲ្យទៅបម្រើសេវាផ្លូវភេទ ដែលជាការប៉ះពាល់ដល់កិត្តិយសរបស់សាលា រហូតថ្នាក់ដឹកនាំហៅលោកទៅសាកសួរ និងស្តីបន្ទោស ហើយតួអង្គ និងជាជនរងគ្រោះ នៃសំណុំរឿងនេះ ក៏បានអះអាងដូចៗគ្នាថា មុនពេលថតវីដេអូ លោក រ៉ាត់ រ័ត្នមុនី បានសន្យានឹងរកជំនួយជួយពួកគេឲ្យបើកមុខរបរ តាមរយៈជំនួយដែលបានពីការចាក់ផ្សាយវីដេអូនេះ។

សូមរំលឹកថា នៅក្នុងសវនាការកន្លងទៅ ជនត្រូវចោទ រ៉ាត់ រ័ត្នមុនី បានអះអាងថា «ខ្ញុំគ្រាន់តែជាអ្នកបកប្រែឲ្យគេ ចំណែករឿងថត និងកាត់តវីដេអូ យកទៅផ្សាយ ខ្ញុំអត់បានដឹងទេ»។ ជនជាប់ចោទ បានបញ្ជាក់ទៀតថា «ហើយខ្ញុំ ក៏មិនបានស្គាល់តួអង្គក្នុងរឿងនោះដែរ គឺក្រុមអ្នកកាសែតរុស្ស៊ីទាំងអស់នោះ ជាអ្នកស្វែងរកដោយខ្លួនពួកគេ គឺក្រុមអ្នកសារព័ត៌ RT (Russia Today) របស់ប្រទេសរុស្ស៊ីទេ ដែលផលិតវីដេអូរឿង ម្តាយខ្ញុំលក់ខ្ញុំ ដោយសន្យាជាមួយតួអង្គថា នឹងផ្តល់លុយកាក់ខ្លះ ដើម្បីចាយវាយ និងផ្តល់លុយឲ្យបើកមុខរបរតូចៗ តាមចិត្តរបស់ពួកគេប៉ងប្រាថ្នាផងដែរ»។
សវនាការនេះដែរ មានលោក កូយ សៅ ជាចៅក្រមជំនុំជម្រះ និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។

លើសំណុំរឿងដដែលនេះ កន្លងមក លោក សេង ប្ញទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុគ្គលឈ្មោះ រ៉ាត់ រដ្ឋមុនី មានមុខងារជាទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ីធូដេ (RT) គឺបន្ទាប់ពីសមត្ថកិច្ចថៃ បានចាប់ខ្លួន រួចបញ្ជូនមកឱ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធករណីផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលជាទម្រង់ នៃការផ្សាយព័ត៌មានមិនពិត ដែលនាំដល់ការអាប់ឱនកិត្តិយសប្រទេសកម្ពុជា។
លោក សេង ប្ញទ្ធី បានសម្រេចបង្គាប់ឱ្យយកជនត្រូវចោទរូបនេះ ទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោស នៅពេលក្រោយតាមកំណត់ច្បាប់។

សូមបញ្ជាក់ថា ខ្សែរវីដេអូ «ម្តាយខ្ញុំលក់ខ្ញុំ» បាននិយាយពីស្ត្រីខ្មែរ ដែលលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។ ខ្សែរវីដេអូនេះ បានធ្វើឱ្យរាជរដ្ឋាភិបាល យល់ឃើញថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា៕