(កំពង់ចាម)៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាប់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ខណៈសមត្ថកិច្ចត្រួតពិនិត្យជនបរទេសអន្ដោប្រវេសន្ដ ដែលនៅសេសសល់មិនព្រមដាក់ពាក្យ សុំប្រកាសទទួលស្គាល់ជាជនបរទេសអន្ដោប្រវេសន្ដ។

លោកវរសេនីយ៍ឯក ឈួន ចាន់ឡា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ ធ្វើឡើងតាមបទបញ្ជារបស់ ​លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងទទួលផែនអន្ដោប្រវេសន៍។

នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ជនជាតិវៀតណាមនេះឈ្មោះ ង្វៀង ទៀង ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅស្រុកចូវចាន់ ខេត្តហូយ៉ាង ប្រទេសវៀតណាម បានចូលមកប្រទេសកម្ពុជា នៅឆ្នាំ១៩៩០ តាមច្រកក្អមសំណរ ក្នុងគោលបំណងមកធ្វើការសំណង។

ក្រោយបញ្ចប់ការសួរនាំ បច្ចុប្បន្នកម្លាំងជំនាញ នៃការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានកសាងសំណុំរឿងដើម្បីបញ្ជូនជនជាតិវៀតណាមខាងលើ ទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចាត់ការបន្ដតាមនីតិវិធី។

គួរជម្រាបថា ដោយអនុវត្តតាមគោលការណ៍ណែនាំ ក្នុងយុទ្ធនាការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលកាន់កាប់ដោយជនបរទេស របស់ក្រសួងមហាផ្ទៃនោះ កម្លាំងនគរបាលអន្ដោប្រវេសន៍ខេត្តកំពង់ចាម កំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំលើការងារនេះ ដើម្បីស្រាវជ្រាវដកហូត និងចាត់វិធានការច្បាប់ចំពោះជនបរទេសណា ដែលបន្ដរឹងរូសមិនព្រមដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្ដោប្រវេសន្ដ៕