(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភប្រាក់ចំនួន៣៧០០០ដុល្លារអាមេរិក ដល់គ្រូបង្វឹក និងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលដណ្តើមបានជ័យជម្នះទាំងពីរប្រកួត ក្នុងវគ្គជម្រុះ World Cup 2022 នៅប្រទេសកាតា។ នេះបើយោងតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី១២ ខែមិថុនានេះ។

នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់កម្ពុជាបានធ្វើដំណើរមកដល់កម្ពុជាវិញហើយ ដោយមានវត្តមានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់ ចាំទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយនាយឧត្តមសេនីយ៍ក៏បាននាំយកថវិការបស់សម្តេចទាំងទ្វេ មកប្រគល់ជូនក្រុមគ្រូបង្វឹក និងកីឡាករផងដែរ។

តាមរយៈជ័យជម្នះ២ប្រកួតជាប់ៗគ្នា ក្នុងលទ្ធផល៤-១ ទៅលើក្រុមជម្រើសជាតិប៉ាគីស្ថាន បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ឈ្នះកៅអីមួយ ដើម្បីឡើងទៅវគ្គចែកពូលក្នុងវគ្គជម្រុះជុំទី២ជាបន្តទៀត ដែលនឹងចាប់ពូលនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងដូហា ប្រទេសកាតា ជាទីដែលធ្វើម្ចាស់ផ្ទះ FIFA World Cup 2022 តែម្តង៕

Advertising