(ភ្នំពេញ)៖ អង្គការស៊ីប៉ា, អគ្គនាយកដ្ឋានពន្ធនាគារ និងបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះកិច្ចព្រមព្រៀងរួមគ្នាប្រកាសអនុវត្តជាផ្លូវការ នូវ «គម្រោងបណ្ណាល័យក្នុងពន្ធនាគារ» រយៈពេល៣ឆ្នាំ (ចាប់ពីមីនា ២០១៩ ដល់ខែកុម្ភៈ ២០២២) ដំណាក់កាលទី៣ តម្លៃជាង៥៣ម៉ឺនដុល្លារ។

កិច្ចព្រមព្រៀងខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពរបស់លោក លឹម សុខា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងដៃគូផ្តល់ជំនួយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលប្រជុំអគ្គនាយកដ្ឋានពន្ធនាគារ។

គម្រោងនេះ នឹងបន្តពង្រឹងសេវាកម្មបណ្ណាល័យដែលមានស្រាប់ និងសេវាកម្មអប់រំផ្សេងៗ និងធ្វើយ៉ាងណាឲ្យអគ្គនាយកដ្ឋានពន្ធនាគារមានម្ចាស់ការ និងធានានិរន្តរភាព ដល់គម្រោងទៅអនាគត ដោយបញ្ចូលគម្រោងនេះ ទៅក្នុងផែនការយុទ្ធសាស្ត្រថ្មី របស់អគ្គនាយកដ្ឋានពន្ធនាគារ សម្រាប់ឆ្នាំ ២០១៩-២០២៣ ព្រមទាំងបណ្តុះបណ្តាលដៃគូពាក់ព័ន្ធទាំងអស់។

គម្រោងទី៣នេះ ទទួលបានថវិកាឧបត្ថម្ភ ពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ មូលនិធិ Pierre Bellon និងថវិកាផ្ទាល់របស់អង្គការស៊ីប៉ា ចំនួនសរុប ៥៣០,០០០ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការស៊ីប៉ា។

បើតាមលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ព្រុំ ចាន់នី ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា បានឲ្យដឹងថា គម្រោងនេះផ្តោតលើការគាំទ្របណ្តាញបណ្ណាល័យថ្នាក់ជាតិ ដើម្បីអប់រំ និងកម្មវិធីសមាហរណកម្ម ជនជាប់ឃុំទៅក្នុងសង្គមវិញ។ គម្រោងនេះ នឹងត្រូវបញ្ចប់នៅដើមឆ្នាំ២០២២ បានន័យថា អង្គការស៊ីប៉ា នឹងបញ្ចប់ទាំងស្រុង នូវការគាំទ្រគម្រោងបណ្ណាល័យក្នុងពន្ធនាគារ។

លោក ព្រុំ ចាន់នី បានលើកឡើងថា អង្គការស៊ីប៉ា បានខិតខំសម្រិតសម្រាំងនាំមកនូវសៀវភៅល្អៗ ឲ្យជនជាប់ឃុំបានអាន និងខ្ចីយកទៅអាននៅក្នុងបន្ទប់ ដើម្បីផ្តល់ឱកាសឲ្យពួកគេបាន សិក្សាស្រាវជ្រាវបង្កើនចំណេះដឹងផ្ទាល់ខ្លួន និងកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការ កាត់បន្ថយការប្រព្រឹត្តបទល្មើសសារជាថ្មី។ មិនតែប៉ុណ្ណោះការអានសៀវភៅនេះ មានសារៈសំខាន់រួមមាន៖

១៖ កាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ បានមួយរយៈពេលខ្លី
២៖ ទទួលបានបរិយាកាស និងការលំហែកាយខាងក្រៅបន្ទប់ឃុំឃាំង បានមួយរយៈខ្លី
៣៖ កាត់បន្ថយការឡូឡា ឈ្លោះប្រកែកគ្នារវាងជានជាប់ឃុំនៅក្នុងបន្ទប់ជាមួយគ្នា
៤៖ កាត់បន្ថយអារម្មណ៍ស្មុគស្មាញ ការនឹកគិតអំពីក្រុមគ្រួសារ
៥៖ កាត់បន្ថយការគិតរកល្បិចរត់គេចចេញពីពន្ធនាគារ
៦៖ បន្ថយជំងឺបាក់ទឹកចិត្ត depression
៧៖ បង្កើនសមត្ថភាពក្នុងការសរសេរ
៨៖ ទទួលបានចំណេះដឹង
៩៖ មានប្រាជ្ញាវៀងវៃ
១០៖ អាចយកចំណេះដឹងពីការអានសៀវភៅ ដើម្បីប្រើប្រាស់ជាប្រយោជន៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

សូមជម្រាបថា លទ្ធផលរំពឹងទុក ដំណាក់កាលទី៣ នៃគម្រោងបណ្ណាល័យ ក្នុងពន្ធនាគារនេះ៖

* ៣៥%នៃជនជាប់ឃុំ ចំនួន៣០,០០០នាក់ នឹងទទួលបានសេវាកម្មអប់រំ ដែលរួមចំណែកក្នុងការកែលម្អ ស្ថានភាពក្នុងពន្ធនាគារ និងមានជំនាញមុនពេល ធ្វើសមាហរណកម្ម។

* មន្ត្រីសំខាន់ៗ៦នាក់ នៃនាយកដ្ឋានពន្ធនាគារ ប្រធាន និងអនុប្រធានពន្ធនាគារចំនួន៨១ ក្នុងចំណោមពន្ធនាគារទាំង២៧ នឹងទទួលបានការបណ្តុះបណ្តាល លើការគ្រប់គ្រងបណ្ណាល័យក្នុងពន្ធនាគារ និងពង្រឹងសេវាកម្មអប់រំ (ថ្នាក់អក្ខរកម្ម) បណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីមុនសមាហរណកម្ម។

* មន្ត្រីពន្ធនាគារដែលសិក្សា នៅបណ្ឌិត្យសភានគរបាលកម្ពុជា នឹងទទួលបានការបញ្ជ្រាប ស្តីពីសារៈសំខាន់នៃការអាន និងបណ្ណាល័យក្នុងពន្ធនាគារ អំឡុងពេលសិក្សា នៅបណ្ឌិត្យសភានគរបាលកម្ពុជា៕