(ភ្នំពេញ)៖ ដោយមើលឃើញពីសារសំខាន់ នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបបែបឌីជីថល ដែលប្រសិទ្ធភាព និងគុណភាពនោះ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានថ្លែងថា កម្ពុជាបាន និងកំពុងតែធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ ពីអាណាឡូក ទៅជាឌីជីថល ឲ្យបញ្ចប់នៅឆ្នាំ២០២៣។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា «បច្ចេកវិទ្យាឌីជីថល បានជំនួសការប្រើប្រាស់បច្ចេកវិទ្យាឤណាឡូក ប្រកបដោយសក្តានុពល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ដូចជាសំឡេង រូបភាព ល្បឿន នៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់ រលកឤកាស វិទ្យុ ការកាត់បន្ថយចំណាយផលិតកម្ម ការបង្កើនផលិតភាព សំបូរបែប ក្នុងវិស័យឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និងការទទួលព័ត៌មាន តាមមធ្យោបាយដ៏សំបូរបែប»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងរៀបចំធ្វើការ ផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ពីឤណាឡូក ទៅឌីជីថល ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាព នៃការវិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ឌីជីថល ក្នុងតំបន់ និងសកលលោក ព្រមទាំងការសិក្សា ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗ និងកិច្ចសហប្រតិបត្តិការជាមួយប្រេទសជិតខាង ដើម្បីដោះស្រាយបញ្ហាដែលកើត ចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ»

សម្តេចតេជោ បានគត់សម្គាល់ឃើញនូវចរន្តនៃការរកីចម្រើន ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយឌីជីថលឆ្ពោះទៅកាន់បដិវដ្តឧស្សាហកម្មទី៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើង នូវកាលា នុវត្តភាព និងអត្ថប្រយោជន៍។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បានរួមបញ្ចូលគ្នារវាងវិស័យ ទូរគមនាគមន៍និងប្រព័ន្ធ ផ្សព្វផ្សាយ ហើយបង្កើតបាននូវសក្តានុពល លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងបណ្តាញទំនាក់ទំនង ជាសកលតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញ ទំនាក់ទំនងសង្គម មានហ្វេសប៊ុក (Facebook) យូធូប(YouTube) វីឆាត (WeChat) តេឡេក្រាម (Telegram) ធ្វីតធ័រ (Twitter) ជាដើម ដែលបង្កើនសក្តានុពលប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន និង ការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សម្រួលដល់ការធ្វើញណិជ្ជកម្ម កាត់បន្ថយរបាំងទីផ្សារ បង្កើតឱកាសឱ្យ វិស័យឯកជន និងសហគ្រិនដើម្បីមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។

សម្តេចតេជោបានលើកឡើងទៀតថា បច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យការគ្រប់គ្រងប្រទេ ក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចឌីជីថល ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសេវាសាធារណៈ ប្រកបដោយគណនេយ្យភាព តម្លាភាព និងការតភ្ជាប់បណ្តាញ ទំនាក់ទំនងផ្ទៃក្នុង និងសកលលោកទាំងមូល៕