(សៀមរាប)៖ អម្រឹតរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ» រយៈពេល៤ថ្ងៃ នៅក្នុងខេត្តសៀមរាប ពោលគឺចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចុះឈ្មោះចូលរៀនចំនួន៣០០នាក់។

កម្មវិធីបណ្ដុះបណ្ដាល «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ» មួយនេះគឺផ្ដោតសំខាន់លើការសន្សំប្រាក់ដ៏មានប្រសិទ្ធភាព និងចំណេះដឹងមូលដ្ឋានក្នុងវិស័យហិរញ្ញវត្ថុ។

កញ្ញា កែវ ធីតា មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថាន និងសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ពន្យល់ថា សិក្ខាកាមដែលបានចូលរៀនក្នុងវគ្គសិក្សានេះនឹងទទួលបានចំណេះផ្នែកគ្រប់គ្រងសាច់ប្រាក់ របៀបសន្សំ និងទីកន្លែងទុកដាក់ប្រាក់ដ៏មានសុវត្ថិភាព អត្ថប្រយោជន៍នៃការសន្សំ និងការប្រើប្រាស់ហិរញ្ញវត្ថុក្នុងជីវភាពប្រចាំថ្ងៃ។

កញ្ញាបន្ថែមថា «នេះគឺជាការយកចិត្តទុកដាក់មួយរបស់ អម្រឹត ចំពោះបងប្អូននៅតាមបណ្ដាលខេត្តដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសគឺស្ត្រីមេផ្ទះ»

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ដែលថ្ងៃទី១១ និង១២មិថុនាធ្វើនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ខណៈថ្ងៃទី១៣ និង១៤មិថុនា ធ្វើនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយក្នុងមួយថ្ងៃ មានសិក្ខាកាមចូលរួមប្រមាន៧៥នាក់។

លោកស្រី ទុន និស្ស័យ ដែលបានចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាល «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ» នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថា «កាលពីមុនខ្ញុំមិនចេះចាត់ចែងលុយកាក់របស់ខ្ញុំនោះទេ បន្ទាប់ពីបានរៀនវគ្គនេះចប់ ខ្ញុំអាចចេះបែងចែកលុយកាក់ណាខ្លះដែលត្រូវចាយ និងលុយកាក់ណាខ្លះមិនត្រូវចំណាយ និងយកលុយទៅសន្សំនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល»

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ដល់សិក្ខាកាមតាមបណ្ដាលខេត្តក្រុងទាំង២៥ ចាប់តាំងពីឆ្នាំ២០១១មក ដោយគិតត្រឹមឆ្នាំ២០១៩នេះ សិក្ខាកាមដែលបានចូលរៀនសរុបចំនួនប្រមាណជាង៤,០០០ នាក់ ក្នុងនោះ «អម្រឹត» ក៏តែងតែបញ្ជ្រាបការយល់ដឹងអំពីបរិស្ថាន និងវិធានការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។

តាមរយៈការផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ និងប្រសិទ្ធភាព ព្រមទាំងការការពារអតិថិជន និងទំនួលខុសត្រូវសង្គម «អម្រឹត» ទទួលបានវិញ្ញាបណ្ណប័ត្រ ការការពារអតិថិជន នៅឆ្នាំ២០១៨ ពី Smart Campaign ដែលជាអង្គការអន្តរជាតិទទួលខុសត្រូវលើគោលការណ៍ការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ «អម្រឹត» មានបុគ្គលិកប្រមាណជាង ៤,០០០នាក់ កំពុងបម្រើអតិថិជនសរុបជាង ៤៦៥,០០០នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន១៥៦សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើសរុបជាង៤៧៥ លានដុល្លារ សំពៀតឥណទានសរុបប្រមាណជិត៩០០លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕