(ភ្នំពេញ)៖ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ និងជាអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង ០២ខ្សែ ក្នុងសង្កាត់ព្រែកកំពឹស ដោយ០១ខ្សែ ប្រវែង៩៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង និង០១ខ្សែទៀត ប្រវែង ៤៥៦ម៉ែត្រ ស្ថិតក្នុងភូមិព្រែកកំពឹស។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋទាំងអស់។

ជាក់ស្ដែង នៅថ្ងៃនេះ រដ្ឋបាលខណ្ឌ បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យគម្រោងស្ថាបនាផ្លូវ២នេះទៀត ដែលជាសមិទ្ធផលថ្មី ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រួលដល់ការធ្វើដំណើរ និងបង្កើនសោភណ្ឌភាពនៃការរស់នៅ ផងដែរ។

លោក នុត ពុធដារ៉ា ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ជូនប្រជាពលរដ្ឋផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋ អបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់៕