(រតនគិរី)៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលក្រុងបានលុង ចំនួន ៧នាក់ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ហ្វង ប៊ុនថាណម ស្នងការរងទទួលផែនធនធានមនុស្ស តំណាងឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងលោកលោក ងិន ណែល អភិបាលក្រុងបានលុង។

លោកវរសេនីយ៍ឯក ប៊ុត ហេង នាយការិយាល័យបុគ្គលិក នៃស្នងការនគរបាលខេត្ត អានសេចក្តីសម្រេចស្តីពីការផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលចំនួន៧រូប ក្នុងនោះតែងតាំងមុខតំណែងចំនួន៣រូប គឺទី១៖ លោកអនុសេនីយ៍ត្រី ជិន វណ្ណលីន ពីនាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ជានាយប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀក, ទី២៖ លោកព្រិន្ទបាលឯក ទៀង ប៊ុនថា ជានាយរងប៉ុស្តិ៍នគរបាលសង្កាត់យក្សឡោម និងទី៣៖ លោកអនុសេនីយ៍ត្រី សុខ សារ៉េត ជានាយរងប៉ុស្តិ៍នគរបាលសង្កាត់កាចាញ។
រីឯមន្ត្រីនគរបាល៤នាក់ទៀត តម្លើងឋានន្តរស័ក្តិទី១៖ លោក ឡាត់ វណ្ណៈ, ទី២៖ លោក មួង សុភីម (អនុសេនីយ៍ត្រី) ទី៣៖ លោក ហែម ក័ណ្ឌរ៉ា និងទី៤៖ លោក ជា លីណា (ព្រិន្ទបាលឯក)។

នៅក្នុងឱកាសនោះដែរឧត្តមសេនីយ៍ត្រី ហ្វង ប៊ុនថាណម និងលោក ងិន ណែល បានជំរុញឱ្យមន្ត្រីនគរបាលទើបទទួលតំណែងថ្មី និងតម្លើងស័ក្តិនាពេលនេះ ត្រូវមានស្មារតីខិតខំធ្វើការបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពួកគាត់ឱ្យអស់កម្លាំងកាយចិត្ត គោរពបទបញ្ជាថ្នាក់លើមានសាមគ្គីភាពជាមួយមន្ត្រីរបស់ខ្លួន។

សូមបញ្ជាក់ថា លោកអនុសេនីយ៍ទោ ឆេង សុឃីន អតីតនាយប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀក ទៅបម្រើការងារនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តរតនគិរី៕