(បន្ទាយមានជ័យ)៖ បន្ទាប់ពីការប្រឹងប្រែងសាងសង់យ៉ាងញាប់ដៃញាប់ជើងនោះ ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន ៨២ខ្នងត្រូវបានប្រគល់ជូនអតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យ ខណៈផ្ទះជាង ២០០ខ្នងទៀត កំពុងសាងសង់បន្ថែមទៀត។

ប្រគល់ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ នៅតំបន់អភិវឌ្ឍន៍ការ៉េ២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ពិធីប្រគល់ផ្ទះនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបផ្សេងទៀត។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ផ្ទះដែលនឹងត្រូវសាងសង់នៅតំបន់អភិវឌ្ឍន៍ការ៉េ២ជូនអតីតយុទ្ធជននេះ មានចំនួនសរុបជាង ៣០០ខ្នង ហើយការចែកដំណាក់កាលទី១នាព្រឹកមិញនេះ មានចំនួន ៨២ខ្នងផ្ទះ។ ដោយឡែកផ្ទះជាង ២០០ខ្នងផ្សេងទៀត កំពុងតែសាងសង់បន្ត ហើយអាចនឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានលើកឡើងថា ផ្ទះដែលចែកជូនអតីតយុទ្ធជននេះ គឺជាផ្ទះកើតចេញពីស្មារតីនៃការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងគិតគូរជានិច្ចចំពោះអតីតយុទ្ធជនជាអ្នកមានគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមានតុភូមិក្នុងពេលជួបនូវវិបត្តិនៃសង្គ្រាម។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ក្លាយទៅជាទីជម្រកដ៏កក់ក្តៅសម្រាប់អតីតយុទ្ធជនទាំងអស់។ លោក គន់ គីម ជំនួសមុខឱ្យអតីតយុទ្ធជនទាំងអស់ បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន។

លោកទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្តេចតេជា ហ៊ុន សែន តែងតែជួយកៀរគររកជំនួយសប្បុរសជននានាជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ហើយបានអញ្ជើញចុះមកប្រគល់ដោយផ្ទាល់ដៃថែមទៀត។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះនៅព្រឹកមិញនេះ ដោយមើលឃើញពីការលំបាករបស់បងប្អូនអតីតយុទ្ធជននៅតំបន់អភិវឌ្ឍន៍ការ៉េ២នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន បានសម្រេចជួយសាងសង់សាលារៀន១ខ្នង, មណ្ឌលសុខភាព ១ខ្នង, ផ្លូវចូល ១ខ្សែប្រវែង ១០គីឡូម៉ែត្រ, អណ្តូងទឹក២០, ពាងទឹកក្នុងមួយផ្ទះ ១ពាងថែមទៀតផង។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានឧបត្ថម្ភថវិកាដល់គ្រួសារអតីតយុទ្ធជនដែលទទួលបានផ្ទះក្នុងមួយគ្រួសារ ១០ម៉ឺនរៀល និងសម្ភារមួយចំនួនផ្សេងទៀត។ នៅព្រឹកមិញនេះឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ក៏បានចលនាសប្បុរជនបានផ្ទះ ៤៥ខ្នងទៀតសម្រាប់អតីតយុទ្ធជនកម្ពុជា។

សូមបញ្ជាក់ផងដែរថា សមាជិកអតីតយុទ្ធជនដែលអត់ដីអត់ផ្ទះ ដែលត្រូវមករស់នៅក្នុងតំបន់អភិវឌ្ឍន៍ការ៉េ២នេះ មានចំនួន ៣០៩គ្រួសារ ក្នុងមួយគ្រួសារ ត្រូវបានដីមួយឡូតិ៍ ក្បាល៣០ម៉ែត្រ គុណ ៥០ម៉ែត្រ ផ្ទះ១ខ្នង និងដីបង្កបង្កើនផល ១ហិកតា៕