(ភ្នំពេញ)៖ លោក ស៉ីម តារា និងសប្បុរសជនចំនួន ៨រូបទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការជូនមេដាយមុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ នេះបើយោងតាម អនុក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ។

អនុក្រឹត្យស្តីពីការជូនមេដាយមុនីសោភ័ណ្ឌ ត្រូវបានចេញឲ្យលោក ស៉ីម តារា និងសប្បុរសជនទាំងនោះ បន្ទាប់ពីពួកគាត់បានបរិចាគធនធានផ្ទាល់ខ្លួន ចូលរួមសង់អគារសិក្សា ២ខ្នង និងកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា និងអប់រំ នៅវត្តចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាពេលកន្លងមក។

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា នៃអនុវិទ្យាល័យវត្តចារ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងកោតសរសើរលោក ស៉ីម តារា និងសប្បុរសជននានា ដែលបានបរិចាគធនធានផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកំពូល។ លោកក៏បានលើកឡើង អំពីសារសំខាន់នៃសុខសន្តិភាព ដោយលោកចាត់ទុកថា សមិទ្ធិផលនានាទាំងឡាយកើតឡើង ស្របពេលប្រទេសជាតិមានភាពសុខសប្បាយរុងរឿង។

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា បើកម្ពុជាគ្មានសុខសន្តិភាព ស្ថិរភាពនយោបាយទេនោះ ក៏គ្មានឱក្នុងកាសអភិវឌ្ឍប្រទេសជាតិនោះដែរ។ លោកថា សុខសន្តិភាពនេះ គឺបានមកពីការតស៊ូលះបង់កម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំកំពូលមានសម្ដេចតេជោ ហ៊ុន សែន ដឹកនាំដោយភាពឈ្លាសវៃនេះតែម្តង៕