(សៀមរាប)៖ យប់មិញស្មានតែយល់សប្តិ ពេលឃើញសេចក្តីប្រកាសថ្មីមួយទៀត របស់ក្រុមទណ្ឌិត សម រង្ស៊ី និងក្រុមមិនគ្រប់ទឹកថ្លែងថា៖ «នឹងវិលចូលស្រុកដើម្បីរំដោះលោក កឹម សុខា និងការពារ EBA កុំឲ្យ EU កាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ...»។ ខ្ញុំស្តាប់សម្តីលោកប៉ាធានសារចុះសារឡើង ហើយក៏ចេះតែឆ្ងល់ថា៖ «តើលោកប៉ាធានពុតធ្វើឆ្កួត ឬក៏ឆ្កួតមែនទែន?»

ចំពោះករណីប្រព័ន្ធអនុគ្រោះពន្ធ EBA គឺលោកប៉ាធាន បានចេញមុខប្រកាសក្តែងៗ សុំអន្តរជាតិឲ្យផ្តាច់ EBA នេះ។ ចុះឥឡូវ ហេតុដូចម្តេចបានជា លោកប៉ាធាន ប្រកាសថា៖ ចង់វិលត្រឡប់មកការពារ EBA ទៅវិញ? តើលោកប៉ាធានឆ្កួតមែនទែនឬ? មុននេះ លោកប៉ាធានថា៖ «ឲ្យតែ អឺរ៉ុប ផ្តាច់ EBA កាលណា គឺនឹងត្រឡប់ចូលប្រទេសវិញភ្លាម។ ឬមួយលោកប៉ាធានបានដឹងថា ផែនការបំផ្លាញ EBA មិនជោគជ័យទេ ទើបលោកប៉ាធានប្តូរពាក្យគ្រលាស់សម្តីលឿនបែបនេះ?

តាមកំណត់ត្រាដែលលោកប៉ាធាន ធ្លាប់ប្រកាសចូលស្រុក ហើយគិតត្រឹមចាប់ឆ្នាំ២០១៥មក គឺលោកប៉ាធាននិយាយមិនតិចជាង១០០ដងទេ ប៉ុន្តែជាពាក្យសម្តីភូតភររហូត៖

នៅឆ្នាំ២០១៥ លោកប៉ាធាន បានប្រកាសតាមវិទ្យុ RFA ថានឹងវិលចូលស្រុកវិញ។ ពេលនោះខ្ញុំស្មានថា ការពិតប៉ុន្តែជាពាក្យភូត។

នៅឆ្នាំ២០១៦ លោកប៉ាធាន បានប្រកាសតាមវិទ្យុ VOD ថានឹងវិលចូលស្រុកវិញឲ្យបានមុនបោះឆ្នោតឃុំសង្កាត់។ ពេលបានឮការប្រកាសនោះ ខ្ញុំយល់ថា លោកប៉ាធាន ទើបជាសះស្បើយពីជំងឺសរសៃប្រសាទ។

នៅឆ្នាំ២០១៧ លោកប៉ាធាន បានប្រកាសតាមវិទ្យុ RFA ម្តងទៀតថា នឹងវិលចូលស្រុក។ ពេលឮការប្រកាសម្តងទៀត ខ្ញុំយល់ថា ជំងឺឆ្កួត លោកប៉ាធាន រើឡើងវិញ។

នៅឆ្នាំ២០១៨ លោកប៉ាធាន បានប្រកាសតាមកាសែតថា នឹងវិលចូលស្រុកឲ្យបានមុនបោះឆ្នោតជាតិ។ ដំណាក់កាលនោះ ខ្ញុំយល់ថា លោកប៉ាធាន ឆ្កួតពេញបន្ទុក។

នៅឆ្នាំ២០១៩ លោកប៉ាធានប្រកាសតាមសារព័ត៌មានមិនតិចជាង៧ដងទេថា នឹងវិលចូលស្រុក។ ឥឡូវនេះ ឆ្កួត ឡប់ ភ្លីភ្លើ ល្ងីល្ងើ វិកលចរិត គឺលោកប៉ាធាន មានពេញគ្រប់លក្ខណៈទាំងអស់។

លោកប៉ាធាន! ការប្រកាសចោលម្សៀតបែបនេះ ស្តាប់ទៅបើមិនឆ្កួតទេ ទើបវាចម្លែក។ លោកប៉ាធាន ប្រកាសចោលបែបនេះ ខ្ញុំក៏កោតតែអ្នកផ្សាយព័ត៌មានឯករាជ្យ (sic) ដូចជា វិទ្យុ RFA ជាដើម ដែលគ្នាខំជួយផ្សាយបន្ទរ នូវពាក្យភូតភររបស់លោកប៉ាធាន។ យោបល់ខ្ញុំ លោកប៉ាធាន គួរដូរពាក្យប្រកាសបែបថ្មីថា៖ «នឹងចូលស្រុកតាមច្រក Facebook»។ នេះអាចស្តាប់ទៅទំនងជាង ហើយបង្ហាញរបៀបឆ្កួតបែបទាន់សម័យទៀតផង!។

លោកប៉ាធាន! វិទ្យាសាស្ត្រឥឡូវនេះ អាកាសធាតុ ឬភ្លៀង គេអាចព្យាករណ៍បាន ប៉ុន្តែ សម្តីលោកប៉ាធាន ត្រឡប់ត្រឡិន ម្តងឡប់ ម្តងឆ្កួត រកព្យាករណ៍មិនត្រូវ រកជឿទុកចិត្តមិនបានទេ។ លោកប៉ាធាន គួរឲ្យពេទ្យបារាំងជួយព្យាបាលជំងឺផ្លូវចិត្តផង កុំឲ្យបន្តនិយាយផ្តេសផ្តាស គ្មានអ្វីជាគោលការណ៍បែបនេះ ដែលវានាំថោកដល់កូនចៅ រោគចិត្ត ដូចជា យាយសក់-ស មួរ សុខហ៊ួរ ជាដើម។

លោកប៉ាធានថា៖ វិលមកជួយ កឹម សុខា!។ ចុះទោសទណ្ឌលោកប៉ាធាន ញុកពេញគូទ បានអ្នកណាជួយ? ដូច្នេះគេនិយាយថាលោកប៉ាធានឆ្កួត គឺជាពាក្យត្រឹមត្រូវហើយ! បើលោកប៉ាធានជួយខ្លួនឯងមិនបានផង តើទៅជួយអ្នកណានឹងកើត?

លោកប៉ាធានកុហកច្រើនដងច្រើនលើកពេកហើយ។ លោកប៉ាធានរ៉ៃលុយថាយកទៅធ្វើទូរទស្សន៍ តែលោកប៉ាធានបោកយកទៅចាយ។ លោកប៉ាធានថា បង្កើតចលនាសង្គ្រោះជាតិ ដើម្បីពង្រឹងកម្លាំងនយោបាយ ឥឡូវលោកប៉ាធានបំភ្លេចចលនានេះចោល។ លោកប៉ាធានរត់ចោលគណបក្ស លាលែងពីតំណែង លាលែងពីសមាជិកភាព ឥឡូវមកដណ្តើមខ្មោចបក្សធ្វើអាជីវកម្ម។ លោកប៉ាធានថា៖ «ដេកផ្ទះឈ្នះឯង» តែការពិតចាញ់សោះ។ លោកប៉ាធាន! លោក ជេម សុខ ហៅលោកប៉ាធានថា៖ «អាបបូរថោក! កំសាកញី»។

បើ លោកប៉ាធាន ហ៊ានវិលមកស្រុកខ្មែរវិញ អាគីគីខ្ញុំ វានឹងព្រុសទទួល លោកប៉ាធាន ដើម្បីជានិមិត្តរូបបញ្ជាក់ថា លោកប៉ាធានក្លាហានដូចអាគីគីដែរ។ សុំលោកប៉ាធាន កុំឲ្យអាគីគី វារង់ចាំដោយឥតន័យ៕

ដោយ៖ នាយ ចេវ