(អឺរ៉ុប)៖ ដោយអនុវត្តតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសបារាំង, អង់គ្លេស, ស្វីស, ប៊ែលហ្ស៊ិក ហូឡង់, អាល្លឺម៉ង់ សាខាគណបក្ស និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅតាមបណ្តាទីក្រុង និងតំបន់ដែលខ្លួនកំពុងរស់នៅរួមមាន៖ តំបន់នង់ស៊ី, ទីក្រុងលីល, ទីក្រុងលីយ៉ុង បានរៀបចំពិធីហូបនំបញ្ចុកតេជោសន្តិភាព ប្រកបដោយទឹកមុខរីករាយ និងសាមគ្គីភាព។

ការហូបនំបញ្ចុកសាមគ្គីភាពនេះ មានការចូលរួមពីលោកបណ្ឌិត ចែម វិឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង, ទីក្រុងឡុងដ្រ៍ រៀបចំដោយលោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអង់គ្លេស, ទីក្រុងហ្សឺណែវ រៀបចំដោយលោក ណី សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីល, ទីក្រុងព្រុចសែល រៀបចំដោយលោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្សិក, និងទីក្រុងហ្រ្គូសហែម រៀបចំដោយលោកស្រី ទូច សុផារ័ត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់។

កម្មវិធីដ៏អធិកអធមនេះ បានសហការរៀបចំ និងគាំទ្រដោយគណៈកម្មាធិការគណបក្ស សាខាបក្ស និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសបារាំង, អង់គ្លេស, ស្វីស, ប៊ែលហ្ស៊ិក, អាឡឺម៉ង់ ប្រចាំទីក្រុង និងតំបន់នានាផងដែរ។

ក្នុងពិធីនោះគេក៏សង្កេតឃើញថា បើទោះជាមានការមមាញឹក ក្នុងការងារ ឬក្នុងក្រុមគ្រួសារយ៉ាងណា ក៏សមាជិក សមាជិកា CPP បានឆ្លៀតឱកាសមកចូលរួមក្នុងការជួបជុំពិសានំបញ្ចុកតេជោសាមគ្គីជាតិ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ប្រកបដោយសម្លៀកបំពាក់ស្អាតបាត ទឹកមុខសប្បាយរីករាយ ដោយមានអ្នករៀបចំទឹកសម្លនំបញ្ចុក និងមានបន្លែធម្មជាតិស្រស់ៗ តាមការជាក់ស្តែងដែលអាចរកបាននៅទីនោះ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតីខ្មែរតែមួយ។

ចុងបញ្ចប់នៃកម្មវិធីគណៈកម្មាធិការគណបក្ស សាខាបក្ស ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា នៅក្នុងប្រទេសបារាំង, អង់គ្លេស, ស្វីស, ប៊ែលហ្ស៊ិក, អាល្លឺម៉ង់ ក៏បានអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេស បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលបំណងរក្សាឲ្យបាននូវសន្តិភាពដ៏រឹងមាំ ដើម្បីធ្វើការអភិវឌ្ឍប្រទេសបន្តទៅមុខ ដែលជាកម្លាំងស្នូលក្នុងការប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសកំពុងអភិវឌ្ឍ ទៅជាប្រទេសអភិវឌ្ឍន៍នាពេលដ៏ខ្លីខាងមុខនេះ៕

ការហូបនំបញ្ចុកសាមគ្គីជាតិនៅប្រទេសបារាំង

ការហូបនំបញ្ចុកសាមគ្គីជាតិនៅប្រទេសអង់គ្លេស

ការហូបនំបញ្ចុកសាមគ្គីជាតិនៅប្រទេសស្វីស

ការហូបនំបញ្ចុកសាមគ្គីជាតិនៅប្រទេសប៊ែលហ្ស៊ិក