(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរ និងកងកម្លាំងប្រដាប់អាវុធ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយខ្សែមានប្រវែង៤,៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាង ១,០០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនោះថា ផ្លូវមួយខ្សែនេះ អស់រយៈពេល ២ឆ្នាំទៅហើយ ដែលប្រជាពលរដ្ឋធ្លាប់ស្នើសុំ លោកតាមរយៈបណ្ដាញសង្គម Facebook ដោយចម្ងាយពីផ្លូវបំបែកស្គន់ មកកាន់ភូមិបឹងជ្រោយប្រវែង ៤,៥០០ម៉ែត្រ ដែលពេលនោះបងប្អូនបានសរសេថា មានប្រជាពលរដ្ឋរស់នៅតំបន់នេះច្រើន និងមានចំណុចទេសចរណ៍មួយ ដែលជាការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅទីនេះ ជាពិសេសគឺនៅរដូវវស្សា។

លោកអភិបាលខេត្តបានបន្តថា ចាប់តាំងពីមានការស្នើសុំនោះ លោកបានខិតខំប្រឹងដើម្បីរកលុយមកស្ថាបនាផ្លូវមួយខ្សែនេះ ហើយថវិកាដែលបានយកមកស្ថាបនាផ្លូវមួយខ្សែនេះ គឺជាការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ដោយសារប្រាក់ចំណូលនៅក្នុង ឆ្នាំ២០១៩នេះ ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ប្រទេសមានសុខសន្តិភាព ការរីកចម្រើន ការអភិវឌ្ឍនចេះតែកើតមានជាបន្តបន្ទាប់ ទើបមានការអនុញ្ញាតពីសម្ដេចតេជោ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យផ្លូវមួយខ្សែប្រវែង ៤,៥០០ម៉ែត្រនេះ ចាប់ផ្ដើមស្ថាបនាឡើង បំពេញទៅតាមសេចក្តីត្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោក គួច ចំរើន បានបន្ថែមថា ផ្លូវល្អងាយស្រួលធ្វើដំណើរផ្លូវល្អមិនបង្ករគ្រោះថ្នាក់ និងផលប៉ះពាល់បរិស្ថានផ្សេងៗ ជាពិសេស ផ្លូវល្អនឹងនាំភ្ញៀវទេសចរមកកាន់តំបន់កម្សាន្ត នៅបឹងជ្រោយនេះកាន់តែច្រើនថែមទៀតផងដែរ៕