(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ចាប់ថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពី «សេដ្ឋកិច្ច និងការប្រកួតប្រជែង» ក្រោមវត្តមានលោក គឹម មាសសុខសីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងលោក Frank Tibitanzl នាយកគម្រោងកម្មវិធី COMPETE នៃអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់។

លោក គឹម មាសសុខសីហា បានឱ្យដឹងថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ប្រកួតប្រជែងកម្ពុជា បានបញ្ចប់កិច្ចប្រជុំកម្រិតអន្តរក្រសួង នៅទីស្តីការគណៈរដ្ឋមន្រ្តីរួចរាល់ហើយ នៅឡើយតែជំពូក៤ និងជំពូក ៦ ដែលចែងអំពីនីតិវិធី និងទោសទណ្ឌ ដែលតម្រូវឱ្យក្រុមការងារតាក់តែងច្បាប់ នៃក្រសួងពាណិជ្ជកម្ម ត្រូវប្រជុំពិភាក្សាជាមួយក្រសួងយុត្តិធម៌ មុននឹងសេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅកិច្ច ប្រជុំពេញអង្គ នៃទីស្តីការគណៈរដ្ឋមន្រ្តី ។

លោកបានបន្តថា ច្បាប់ប្រកួតប្រជែង នឹងដោះស្រាយបញ្ហានានាពាក់ព័ន្ធដល់សកម្មភាពឃុបឃិតគ្នារវាងធុរកិច្ច ឬសកម្មភាពប្រើប្រាស់អំណាច ដោយបំពានរបស់ធុរកិច្ច ដែលមានអំណាចលើទីផ្សារ ព្រមទាំងរារាំងការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រកួតប្រជែង ដែលអាចនាំទៅរកឯកាធិភាព។ ប្រទេសកម្ពុជា បានរៀបចំសេចក្តីព្រាងប្រកួតប្រជែងរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ព្រោះថា ក្នុងដំណើរការតាក់តែងនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើកិច្ចពិគ្រោះយោបល់ជាច្រើន លើកច្រើនសារជាមួយភាគីពាក់ព័ន្ធ និងដោយមានការចូលរួមពីជំនាញ ការអន្តរជាតិជាច្រើននាក់ផងដែរ។

លោកបានបន្ថែមទៀតថា ទន្ទឹមនឹងនេះ ដើម្បីបង្កើននូវការយល់ដឹងផ្នែកប្រកួតប្រជែង ក៏ដូចជា ពង្រឹងនូវចំណេះដឹងផ្នែកវិភាគសេដ្ឋកិច្ច ជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ដែលនៅពេលអនាគត នឹងត្រូវអនុវត្តច្បាប់ប្រកួតប្រជែងនេះ ដោយតម្រូវឲ្យការវិភាគសេដ្ឋកិច្ច។

វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ចំណេះដឹងបន្ថែមដល់អ្នកចូលរួមទាំងអស់អំពីសារៈសំខាន់ នៃច្បាប់ប្រកួតប្រជែង និងការសិក្សាទីផ្សារដោយយោងលើការវិភាគសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ យ៉ាងសំខាន់ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួន។

ចំណេះដឹងមួយទៀត ដែលវគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱ្យសិក្ខាកាមទាំងអស់ គឺការកំណត់អំពីអំណាចទីផ្សារ ក៏ដូចជា ការកំណត់អត្តសញ្ញាណ នៃបទល្មើសកាតែល និងការព្រមព្រៀងខ្សែរដេកមិនស្របច្បាប់ ដទៃទៀតដែលអាចបង្កជាបទល្មើសប្រកួតប្រជែង។

លោក គឹម មាសសុខសីហា បានប្រកាសវគ្គបណ្តុះបណ្តាល និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំប្រឹងប្រែងទទួលយកចំណេះដឹងថ្មីៗពីជំនាញការអន្តរជាតិ និងគ្រូបង្គោលជាតិ ក្នុងគោលបំណងជាពុទ្ធិសម្រាប់ការអភិវឌ្ឍខ្លួន ក៏ដូចជាប្រទេសជាតិ៕