(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅយប់ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅតាមផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

របាយការណ៍របស់អធិការដ្ឋានននគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមាន ទី១៖ឈ្មោះ ថា លីឆេង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២៖ឈ្មោះ ធី ធាវី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងឃ្លាំងលក់គ្រឿងសំណង់ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅ ធ្វើការត្រួតពិនិត្យលើដងខ្លូន រួចនាំខ្លួនជនសង្ស័យធ្វើការត្រួតពិនត្យនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕