(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអបអរសាទរដល់ សមាគមចុងភៅកម្ពុជា ដែលបាននាំយកម្ហូបខ្មែរ ទៅប្រកួតនៅក្នុងកម្មវិធីចុងភៅឆ្នើមមុខម្ហូបអាស៉ីឆ្នាំ២០១៩ ដោយទទួលបានជ័យលាភីពានមាស១ និងមេដាយគ្រប់កម្រិតថ្នាក់ចំនួន២៧ នាទីក្រុងបាំងកក ប្រទេសថៃ។

យោងតាមលិខិតរបស់លោក ថោង ខុន ផ្ញើទៅប្រធានសមាគមចុងភៅកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងថា សមាគមចុងភៅកម្ពុជា បាននាំយកម្ហូបខ្មែរទៅចូលរួមប្រកួត ក្នុងកម្មវិធីចុងភៅឆ្នើមមុខម្ហូបអាស៉ីឆ្នាំ២០១៩ ព្រមទាំងទទួលបានពានមាស១ និងមេដាយគ្រប់កម្រិតថ្នាក់ចំនួន២៧ នៅទីក្រុងបាំងកក ប្រទេសថៃ ក្នុងនាមក្រសួងទេសចរណ៍ លោកបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមចុងភៅកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ជំនាញវិស័យទេសចរណ៍ ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាពិសេសដែលបាននាំយកម្ហូបខ្មែរ ចូលរួមប្រកួតនោះ ដែលលទ្ធផលទទួលបានគួរជាទីមោទនៈ។

ក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរ ចំពោះក្រុមអ្នកធ្វើម្ហូបរបស់ សមាគមចុងភៅកម្ពុជា ទាំង៣២រូប ដែលបានទៅចូលរួមកម្មវិធីប្រកួតប្រជែងចុងភៅឆ្នើមមុខម្ហូបអាស៉ី ឆ្នាំ២០១៩ ដោយនិវត្តន៍មកកាន់មាតុភូមិ ជាមួយនឹងជ័យលាភីដ៏ច្រើន ជូនមាតុភូមិដ៏ល្អរបស់កម្ពុជា។

គួរបញ្ជាក់ថា មុខម្ហូប និងបង្អែមខ្មែរចំនួន១០មុខ បានធ្វើឲ្យក្រុមចុងភៅ នៃសមាគមចុងភៅកម្ពុជា (CCA / Cambodia Chefs’ Association) ចំនួន៣២រូប បានដណ្ដើមជយលាភីជាពាន់រង្វាន់ និងមេដាយយ៉ាងច្រើនជូនជាតិមាតុភូមិពីសមាគមចុងភៅពិភពលោក (WACS ASIA CONTINETAL DIRECTOR MEDAI / WORLD CHEFS) ក្នុងកម្មវិធីប្រកួតប្រជែងចុងភៅឆ្នើមមុខម្ហូបអាស៉ី (Best Asian Gourmet Challenge) ឆ្នាំ២០១៩ នៅប្រទេសថៃ ដែលមានការចូលរួមពីចុងភៅជិត ១,០០០នាក់ មកពីប្រទេស និងជាតិសាសន៍ចំនួន១៤។

ម្ហូប និងបង្អែមខ្មែចំនួន១០មុខ ដែលបានជាប់ចំណាត់ថ្នាក់ និងទទួលពាន មានដូចជា៖ ញាំក្រូចថ្លុងជាមួយកំពឹសទន្លេ, អាម៉ុកត្រី, ការីសាច់មាន់, សាច់គោអាំងទឹកប្រហុក, កង្កែបឆាម្រេចកំពត, សម្លប្រហើរ, ខប៉េងប៉ោះ, គ្រំបំពងជ្រក់ស្វាយ, បាយសម្រូបសណ្ដែកខ្មៅ, និងសង់ខ្យាល្ពៅ៕