(ភ្នំពេញ)៖ តុលាការក្រុងភ្នំពេញ នឹងបើកសវនការលើសំណុំរឿង លោក ផែង វណ្ណៈ អ្នកលេង Facebook នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។

មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា សវនការនេះជំនុំជម្រះទៅលើរឿង លោក ផែង វណ្ណៈ ប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់សាធារណជន គោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន និងអង្គភាពព័ត៌មាន Fresh News ដោយមានចេតនាពេញទីក្នុងគោលបំណង ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់ព្រះរាជអាជ្ញាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរពាក់ព័ន្ធ នឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោកត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

ការចាប់ឃាត់ខ្លួនលោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺលោក គី តិច បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។

កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន ក៏បានដាក់ពាក្យបណ្តឹងចូល សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹង លោក ផែង វណ្ណៈ ពីបទ «បរិហារ្តិ៍ជាសាធារណៈ» បន្ទាប់ពីជននេះបានចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋានច្បាស់លាស់។

នៅក្នុងពាក្យបណ្តឹងនេះ អង្គភាពព័ត៌មាន Fresh News បានស្នើសុំដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីជួយរកយុត្តិធម៌សម្រាប់ អង្គភាពរងគ្រោះ ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈនេះ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្ត ចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរនេះ ដែលបង្កឡើងដោយជននេះ ហើយសំណងទាំងអស់ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ។

ក្រៅពីបណ្តឹងទាំងនេះ លោក ផែង វណ្ណៈ ក៏ទទួលពាក្យបណ្តឹងផ្សេងទៀតពី លោក ខាន់ សុវណ្ណ ដែលជាអ្នកអត្ថាធិប្បាយលើបណ្តាញសង្គម Facebook ដូចគ្នា។ ក្នុងបណ្តឹងនោះ លោក ខាន់ សុវណ្ណ បានប្តឹងលោក ផែង វណ្ណៈ ចំនួន៥ករណីនោះ រួមមាន៖ បទហិង្សាដោយចេតនា, គំរាមថានឹងសម្លាប់, បរិហារកេរ្តិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ ដែលលោកផែង វណ្ណៈ ដែលបំពានទៅលើលោក ខាន់ សុវណ្ណ ជាបន្តបន្ទាប់មុនពេលចាប់ខ្លួន។

លោក ខាន់ សុវណ្ណ បានស្នើសុំឱ្យតុលាការផ្ដន្ទាទោសលោក ផែង វណ្ណៈ តាមផ្លូវច្បាប់ ហើយទាមទារសំណងការខូចខាត ចំនួន១លានដុល្លារ និងសំណងជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារ និងការខាតបង់ពេលវេលាសេវាកម្មច្បាប់១ម៉ឺនដុល្លារផងដែរ៕