(ភ្នំពេញ)៖ អគារព្រីនស៍ ហូល ឌីង គ្រុប មានទីតាំងស្ថិត នៅក្នុងរាជធានីភ្នំពេញ ដែលប្រើប្រាស់ថវិកាក្នុងការកសាងចំនួន៧០លានដុល្លារអាមេរិក និងមានទំហំអគារសរុប២៤,៨០០ម៉ែត្រការ៉េ បានបញ្ចប់ការសាងសង់ ដោយជោគជ័យ។

គម្រោងនេះ បានចាប់បើកការដ្ឋានសាងសង់ជាផ្លូវការ នាឆ្នាំ២០១៨ ដែលទទួលសាងសង់ ដោយក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd និងទទួលជួសជុលតុបតែង ដោយក្រុមហ៊ុន China Hemu Building Decoration (Cambodia) Design Engineering Co.,Ltd។

អគារព្រីនស៍ ហូល ឌីង គ្រុប មានរួមបញ្ចូល នូវការិយាល័យបដិសណ្ឋារកិច្ចសាលប្រជុំ ការិយាល័យលក់ និងមុខងារផ្សេងៗទៀតជាច្រើន ដែលធ្វើឲ្យខ្លួនក្លាយជាអគារការិយាល័យ និងពាណិជ្ជកម្មទំនើប លំដាប់ពិភពលោក និងនាំមុខគេ នៅរាជធានីភ្នំពេញ។ ជាន់ផ្ទាល់ដី នៃអគារជាការិយាល័យលក់ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនិងមានបំពាក់នូវផ្សារទំនើបព្រីនស៍ផងដែរ។

ជាន់ទី៣ មានបំពាក់នូវអាហារដ្ឋានបុគ្គលិក ក្លឹបហាត់ប្រាណ បណ្ណាល័យ និងបរិក្ខារផ្គត់ផ្គង់ផ្សេងៗទៀត។ ជាន់ទី៥ មានបំពាក់នូវសាលប្រជុំទំនើប ចំណែកជាន់កំពូល នៃអគារមានសួនច្បារ និងចំណតឧទ្ធម្ភាគចក្រ។ អគារស្ដង់ដា ៥A ដែលតំណាងឲ្យស្តង់ដារការិយាល័យខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា បានលេចរូបរាងឡើងហើយ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធនានា របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបាន និងកំពុងបំពេញការងារនៅទីនេះ ដែលបង្កើតជាការប្រមូលផ្តុំធនធាន និងផ្តល់អំណោយផល ដល់ប្រតិបត្ដិការ ដែលប្រកបដោយប្រសិទ្ធិភាព ក៏ដូចជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍរយៈពេលវែង របស់ក្រុមហ៊ុនផងដែរ។

នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹងបន្តវិនិយោគ យ៉ាងតិច១០ពាន់លានដុល្លារអាមេរិក ដោយយកប្រទេសកម្ពុជា ជាចំណុចកណ្តាល ហើយបន្ដការអភិវឌ្ឍ ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងឈានទៅជាក្រុមហ៊ុន អន្ដរជាតិមួយ ដែលមានឥទ្ធិពលបំផុត នៅតំបន់អាស៊ីអាគ្នេយ៍៕