(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសប្តេជ្ញាចិត្តដាក់រណបថ្មទ្រូងផ្លូវជាតិ៥ ចាប់ពីវត្តបាលិលេយ្យដល់រង្វង់មូល៥៨ ប្រវែង ៤គីឡូម៉ែត្រអស់ប្រមាណ ២០០០ដុំ ត្រូវបានចំណាយថវិកាប្រមាណជាង ៥លានបាត ស្នើនឹងជិត ២សែនដុល្លារ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោកអភិបាលក្រុងប៉ោយប៉ែតបន្តថា ការចំណាយថវិកាស្ថាបនារណបថ្មនេះ ក៏មានសប្បុរសជន អាជីវករ ពាណិជ្ជករ បានចូលរួមចំណែកផងដែរ។

លោកបានបញ្ជាក់ថា បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចជំនាញ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធិភាព និងមិនអនុគ្រោះ ចំពោះម្ចាស់រថយន្តយីឌុបធុនធំដែលដឹកទំនិញល្មើស និងច្បាប់អនុញ្ញាតិដោយផាកពិន័យតាមច្បាប់កំណត់ផងដែរ៕