(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងអង្គរក្សកម្ពុជា និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានសន្យាគ្នាបន្តកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើងថែមទៀត។

ការបញ្ជាក់ជំហររបស់ភាគីយ៉ាងដូច្នេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលឧត្តមសេនីយ៍ទោ វ៉ ម៉ិញលឿង មេបញ្ជាការ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស។

ឆ្លៀតនៅក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលបានមកចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ។

នាយឧត្ដមសេនីយ៍ បានថ្លែងថា បញ្ជាការដ្ឋានកងអង្គរក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម នៅតែបន្តកិច្ចសហប្រតិបត្តិគ្នា ដើម្បីផលប្រយោជន៍ភាគីទាំងពីរ៕