(ភ្នំពេញ)៖ លោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ មានទាំងកម្លាំងនគរបាល ប្រជាការពារ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បន្ទាប់ពីមានការរិះគន់ចំៗ ពីមជ្ឈដ្ឋានទូទៅៗលើប្រធានផ្សារសាំហាន់ ថាចេះតែដើរយកភាស៉ី និងបណ្ដែតបណ្ដោយឲ្យក្រុមជីវករលក់ដូរគ្រប់ប្រភេទ មកដាក់តាំងតុ គ្រែ ឆ័ត្រ និងទំនិញផ្សេងៗ លើចិញ្ចើមផ្លូវ បណ្ដាលឲ្យកកស្ទះចរាចរណ៍ យ៉ាងអណាធិប្បតេយ្យកើតឡើង និងបាត់សោភ័ណ្ឌភាពទីក្រុង។

ពាក់ព័ន្ធការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពីមន្ត្រីពាក់ព័ន្ធកម្លាំងនគរបាល និងប្រជាការពារ ដើម្បីទប់ស្កាត់រាល់ការរំលោភបំពានផ្សេងៗ ពីក្រុមអាជីវករ ដែលបានយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋមកប្រើប្រាស់ធ្វើអាជីវកម្មផ្ទាល់ខ្លួន នោះឃើញថាមានភាពល្អប្រសើរឡើងវិញហើយ ក្រោយពីមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ជា ពិសី ចាប់ពីចំណុចសណ្ឋាគារបុប្ផារាជធានី ផ្សារសាំហាន់ រហូតមកទល់ជ្រោះបាត់ស្នេហ៍ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ បើគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោក ជា ពិសី តម្រូវឲ្យក្រុមអាជីវករលក់ដូរទាំងអស់ ដែលបានយកចិញ្ចើមផ្លូវមកប្រើប្រាស់ ត្រូវតែអនុវត្តតាមការណែនាំជានិច្ច របស់រដ្ឋបាលសង្កាត់-ខណ្ឌ ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ ទៅតាមការបាញ់គំនូសសញ្ញា ចាប់ពីអក្សចិញ្ចើមផ្លូវប្រវែង១ម៉ែត្រកន្លះ ក្នុងការរក្សាសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយ បើមិនដូច្នេះទេ អាចប្រឈមវិធានការផ្លូវច្បាប់ ដើម្បីចាប់ដកហូតរាល់សម្ភារទាំងឡាយ ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិឡើយ៕