(តាកែវ)៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយអាជ្ញាធក្រុងដូនកែវ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ បានចុះពិនិត្យទំនិញមួយចំនួន ដែលដាក់តាំងលក់នៅក្នុងផ្សារតាកែវ និងទីតាំងសិប្បកម្មផលិតនំបញ្ចុកនៅក្នុងក្រុងដូនកែវ។

ប្រធានសាខាកាំកុត្រូលខេត្តតាកែវ លោក ប៉ោ លាងគង់ បានថ្លែងឲ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យទំនិញនៅផ្សារតាកែវ មន្រ្តីជំនាញបានធ្វើការពិនិត្យ និងធ្វើតេសបឋមទៅលើទំនិញមួយចំនួន ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ត្រីងៀតបបែល មានសារធាតុគីមីបូរ៉ាក់និងបានរកឃើញទំនិញជាប្រភេទគ្រឿងកំប៉ុង ទឹកក្រូចដបធំ១៥ដប និងទឹកដោះគោ២កំប៉ុង ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយក្នុងនោះដែរមន្ត្រីជំនាញ បានធ្វើការដកហូតយកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការបំផ្លាញចោល។

លោកប្រធានសាខាកាំគុងត្រូល បានថ្លែងថា ដោយឡែកចំពោះនំបញ្ចុក និងបន្លែជាប្រភេទល្បោយដែលដាក់លក់នៅផ្សារតាកែវ មន្រ្តីជំនាញមិនបានរកឃើញមានសារធាតុគីមីហាមឃាត់នោះទេ។ ក្រុមមន្រ្តីជំនាញរួមសហការជាមួយអាជ្ញាធរក្រងដូនកែវ ក៏បានចុះទៅដល់ទីតាំងផលិតនំបញ្ចុកដោយផ្ទាល់ ក្នុងនោះមន្រ្តីជំនាញក៏បានត្រួតពិនិត្យពីបញ្ហាអនាម័យ និងធ្វើត្តេស៍នៅលើនំបញ្ចុកស្វែង រកសារធាតុគីមីម្តងទៀត ជាលទ្ធផល គឺរកពុំឃើញមានសារធាតុគីមីនោះទេ តែទោះជាយ៉ាងណាយើងក៏បានធ្វើការអប់រំណែនាំឲ្យម្ចាស់សិប្បកម្មផលិតនំបញ្ចុក ត្រូវផលឹតមានអនាម័យល្អ ដើម្បីធានាកុំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។

បើតាមលោកប្រធានសាខារូបនេះបន្តថា ក្រៅពីពិនិត្យធ្វើតេស៍លើចំណីអាហារ ដែលដាក់តាំងលក់នៅលើទីផ្សារនិងចុះទៅដល់ទីតាំងសិប្បកម្ម មន្រ្តីជំនាញរួមនិងអាជ្ញាធរ ក៏បានធ្វើការអប់រំដល់បងប្អូន ជាអាជីវករលក់ដូរក្នុងផ្សារតាកែវ ត្រូវចូលរួមទាំងអស់គ្នា លក់ទំនិញដែលមានគុណភាព និងមានអនាម័យល្អ គ្មានជាតិគីមី ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ ដោយឡែកចំពោះម្ចាស់សិប្បកម្មផលិតនំបញ្ចុកដែលពុំទាន់មានច្បាប់អនុញ្ញាតិ សូមអញ្ជើញទៅធ្វើច្បាប់អនុញ្ញាតពីមន្រ្តីជំនាញឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមន្រ្តីជំនាញបានបង្ហាញពីអំពីបច្ចេកទេស និងសុវត្ថិភាពនៃការផលិតចំណីអាហារជូនបងប្អូន៕