(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យមានការពន្លឿន ការរៀបចំកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-ជប៉ុន ដើម្បីក្លាយជាចំណែកមួយ សម្រាប់ទាក់ទាញវិនិយោគជប៉ុនមកកម្ពុជា។ នេះយោងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ស្តីពីលទ្ធផលជំនួបរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនានេះ។

ជំនួបពិភាក្សាការងាររបស់ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងលោក HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ដោយផ្តោតការពិភាក្សាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសវឌ្ឍនភាពនៃកិច្ចដំណើរការទាក់ទាញវិនិយោគគិនជប៉ុនមកកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ។

សេចក្តីប្រកាសព័ត៌មានបានដកស្រង់សំដីរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន យ៉ាងដូច្នេះថា «ចំពោះកិច្ចដំណើរការពន្លឿន ការរៀបចំកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-ជប៉ុន, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យមន្រ្តីបច្ចេកទេសពាក់ព័ន្ធរបស់ភាគីទាំងពីរ មានភាពទន់ភ្លន់ យោគយល់ គ្នាទៅវិញទៅមក និងបន្តខិតខំថែមទៀត ក្នុងការផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌ សម្រាប់ភាគីទាំងសងខាង ដើម្បីអាចឈានទៅបញ្ចប់ការរៀបចំកិច្ចព្រមព្រៀងនេះ ឲ្យបានឆាប់ក្នុងពេលខាងមុខនេះ ដើម្បីជាចំណែកសម្រាប់ ទាក់ទាញការវិនិយោគឯកជនជប៉ុនមកកម្ពុជា ក៏ដូចជា ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន»

ក្នុងឱកាសនោះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលភាគីមិត្តជប៉ុនបានរួមចំណែកគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យក៏បានគូសរំលេចផងដែរថា «ប្រទេសជប៉ុនជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចដំណើរការកសាងប្រទេសកម្ពុជា ចាប់តាំងពីការកសាងសន្តិភាព រហូតដល់ការស្តារ និងអភិវឌ្ឍន៍ រហូតដល់ពេលបច្ចុប្បន្ននេះ»

លោក HORINOUCHI Hidehisa បានជម្រាបជូនអគ្គបណ្ឌិតសភាចារ្យថា ជប៉ុនតែងតែខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់កិច្ចសហប្រតិបត្តិការរបស់ខ្លួនឲ្យ ស្របទៅនឹងវិស័យជាអាទិភាព នៃយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិនានារបស់កម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការងារកំណែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាល រួមទាំងការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈផងដែរ។

ជាមួយគ្នានេះ, ដើម្បីចូលរួមចំណែកទាក់ទាញការវិនិយោគ របស់វិស័យឯកជនជប៉ុនមកកម្ពុជាបន្ថែមទៀត, លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនជាសង្ខេបអំពីការបន្តកិច្ចសហប្រតិបត្តិការរបស់ជប៉ុននៅកម្ពុជារួមមាន៖ ការគាំទ្ររបស់ជប៉ុន ក្នុងការជួយសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍកំពង់ផែសមុទ្រ នៅកម្ពុជា ដោយការសិក្សារួមបញ្ជូលរវាងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ទៅក្នុងការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ, ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងភ្នំពេញ និង ការពន្លឿនការរៀបចំកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា- ជប៉ុន (Double Taxation Agreement) ជាដើម។

អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ភាគីមិត្តជប៉ុន ចំពោះគំនិតផ្តួចផ្តើមក្នុងការជួយសិក្សា រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍកំពង់ផែ ដោយជប៉ុនផ្តល់ជំនួយបច្ចេកទេស ក្នុងការសិក្សារៀបចំផែនការមេនេះ និងបានជម្រាបភាគីមិត្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជៀសវាងនូវការសិក្សាជាន់គ្នា ដោយសារបច្ចុប្បន្ន មានប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួន បាន និងកំពុងជួយកម្ពុជា សិក្សា រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់នេះផងដែរ៕