(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខ និងនាំយកថវិកាជូនគ្រួសារសពយុវជន អ៊ែល សុខជា ប្អូនប្រុស សារ៉េត គ្រីយ៉ា កីឡាករបាល់ទាត់ ជម្រើសជាតិដែលស្លាប់ ខណៈពេលត្រឡប់មកពីជូនបងប្រុស ដើម្បីទៅប្រកួតបាល់នៅខេត្តស្វាយរៀង លុះត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។

ការចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ ឯក ឌី វិជ្ជា ក៏មានការអមដំណើរដោយ ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង, លោក រិទ្ធ ឌីកា និងលោកគ្រូ យ៉ន់ សំអុន តំណាងរបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ។

ក្រៅពីការលើកទឹកចិត្តឡើងវិញ ដល់គ្រួសារយុវជនខាងលើនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា នៅពេលនេះសមត្ថកិច្ចពាក់ព័ន្ធ កំពុងសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី ដើម្បីពន្លឿនក្នុងការស្រាវជ្រាវរកម្ចាស់រថយន្ត ធ្វើការដោះស្រាយគ្នាតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខដេប៉ូខ្សាច់ (ជិតដីតារ៉េត) លើកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យុវជនរងគ្រោះ បានជិះម៉ូតូ Scoopy ត្រឡប់មកពីជូនបងប្រុស ជាកីឡាករបាល់ទាត់ជម្រើសជាតិ ឈ្មោះ សារ៉េត គ្រីយ៉ា ដើម្បីទៅប្រកួតបាល់នៅខេត្តស្វាយរៀង ដោយជូនទៅឡើងឡាននៅតារាងបាល់ទាត់K11 ផ្លូវ២៧១ លុះត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់ ជាមួយរថយន្តម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2J-3741 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីត្បូងជើង បុកគ្នាចំពីមុខពេញទំហឹងខ្ទាតផ្លោងយុវជន អ្នកបើកបរម៉ូតូ បោកផ្ទប់ជាប់កញ្ចក់រថយន្តរងរបួសធ្ងន់ធ្ងរ ហើយស្លាប់ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង និងស្ទូចយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់រថយន្ត ឲ្យចូលខ្លួនទៅដោះស្រាយគ្នាតាមច្បាប់៕