(ភ្នំពេញ)៖ គម្រោងជួសជុលឡើងវិញ នូវស្ថានីយរថភ្លើងក្រុងភ្នំពេញ ត្រូវបានប្រកាសឡើងជាផ្លូវការ ដោយក្រុមអ្នកបណ្តាក់ទុនមួយមកពីសហរដ្ឋអាមេរិក ដើម្បីកែប្រែស្ថានីយមួយនេះ ឲ្យក្លាយទៅជាអគារពាណិជ្ជកម្ម Royal Train Square ដែលមិនត្រឹមតែបម្រើជូនសម្រាប់តែអ្នក ដែលធ្វើដំណើរដោយរថភ្លើងនោះឡើយ។

Royal Train Square នឹងក្លាយជាអគារមួយ ក្នុងចំណោមអគារដែលមានការអភិវឌ្ឍថ្មីដ៏គួរឲ្យទាក់ទាញបំផុត នៅរាជធានីភ្នំពេញ ដើម្បីស្វាគមន៍អ្នកដំណើរដោយរថភ្លើងទាំងទៅទាំងមក ក៏ដូចជានឹងក្លាយជាកន្លែង ជួបជុំគ្នាថ្មីមួយ ក្នុងតំបន់អាជីវកម្មដែលកំពុងរីកចម្រើនមួយនេះ។

អគារនេះនឹងមានទំហំចំនួន៣០០០ម៉ែត្រការ៉េ សម្រាប់ការសាងសង់ធ្វើជាកន្លែងពាណិជ្ជកម្ម ក្នុងនោះរាប់បញ្ចូលទាំងការសាងសង់ហាងទំនើបផ្សេងៗ ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូរ ATM ជាច្រើន និងជាកន្លែងសម្រាប់ជួលធ្វើជាការិយាល័យ សម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីពិណ៌ផ្សេងៗ។

លោក Scott Bolls មេធាវីផ្នែកច្បាប់អចលនទ្រព្យ និងការអភិវឌ្ឍ ហើយនិងក្លាយជាអ្នកដឹកនាំដ៏សំខាន់លើគម្រោងនេះ ដែលត្រូវបានគាំទ្រថវិកាដោយក្រុមអ្នកបណ្តាក់ទុនមកពីអាមេរិក និងដៃគូសហការមកពីអឺរ៉ុបបានឲ្យដឹងថា «ស្ថានីយរថភ្លើងមួយនេះ គឺជាអគារបេតិកភណ្ឌ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់មួយនៅភ្នំពេញ ប៉ុន្តែបច្ចុប្បន្នមានមនុស្សមិនច្រើនឡើយ ដែលប្រើប្រាសអគារនេះ។ ជាមួយនឹងគម្រោងអភិវឌ្ឍសាងសង់អគារ Royal Train Square យើងនឹងផ្តល់ឲ្យប្រជាពលរដ្ឋនានា នូវកន្លែងថ្មីមួយដើម្បីជួបជុំគ្នា ញ៉ាំអាហារពេលល្ងាច និងសម្រាកលំហែរជាមួយទិដ្ឋភាពជុំវិញខ្លួនដ៏ស្រស់ស្អាត រួមជាមួយនឹងហាងកាហ្វេ ភោជនីយដ្ឋាន និងហាងជាច្រើនទៀត»

ស្ថានីយរថភ្លើងក្រុងភ្នំពេញ ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរអាណានិគមបារាំង ក្នុងឆ្នាំ១៩៣២ ខណៈដែលស្ថានីយមួយនេះ ទើបតែបានបំពេញការសាងសង់ខ្សែផ្លូវដែករបស់ខ្លួន ទៅកាន់ខេត្តបាត់ដំបង កាលពេលថ្មីៗនេះ។

បើយោងទៅតាមលោក John Guiry ប្រធានក្រុមហ៊ុន Royal Railways ស្ថានីយរថភ្លើងនេះ ត្រូវបានជួសជុលឡើងវិញ កាលពីឆ្នាំ២០១២ ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ស្ថានីយរថភ្លើងក្រុងភ្នំពេញ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railways បានដាក់ឲ្យដំណើរជាធម្មតាឡើងវិញ នូវសេវាធ្វើដំណើរដោយរថភ្លើង ទៅកាន់ខេត្តកំពត ព្រះសីហនុ ពោធិ៍សាត់ និងប៉ោយប៉ែត ក៏ដូចជាសេវាដឹងជញ្ជូនជាទៀងទាត់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក Bolls បានឲ្យដឹងថា «ស្របពេលមានការរីកលូតលាស់ ក្នុងតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់រាជធានីភ្នំពេញ វាជាពេលវេលាដ៏ត្រឹមត្រូវ ក្នុងការនាំយកស្ថានីយរថភ្លើងមួយនេះ ទៅកាន់សតវត្សរ៍ទី២១ ក្នុងនាមជាគោលដៅមួយ សម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរ ក្នុងការទៅសម្រាកលំហែរ នៅកន្លែងដែលពោរពេញផាសុខភាពមួយ»

គម្រោងជួសជុលឡើងវិញមានទឹកប្រាក់៥លានដុល្លារអាមេរិកមួយនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល៣ ទៅ៤ខែខាងមុខទៀត ស្របពេលដែលក្រុមហ៊ុនជាអាជីវករជួលជាច្រើន នឹងតម្រង់ជួរគ្នា ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្ម នៅហាងផ្សេងៗដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត៕