(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១២៖៥៥នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនីនៅ P1670-F1 មូលហេតុដោយសារមាន រថយន្តស្ទូចបើកទាក់ខ្សែ បណ្ដាញតង់ស្យុងទាប (LV) ដែលមានទីតាំងស្ថិតនៅ ភូមិចែងម៉ែង និងភូមិសំរោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១៥៖៣០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕