(ភ្នំពេញ)៖ មិនមែនជាសង្រ្គាមស៊ីវិល ហើយក៏មិនមែនជាសង្រ្គាមផ្កាយដែរ តែជាសង្រ្គាមមួយដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល នោះគឺ «សង្រ្គាមនំបញ្ចុក» ដែលទើបចាប់ផ្តើមប្រយុទ្ធគ្នារវាងគណបក្សកាន់អំណាច របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រឆាំងដ៏ធំមួយដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ កន្លងទៅ ។

បន្ទាប់ពីសកម្មភាពនានារបស់គណបក្សសង្គ្រោះជាតិ (គសជ) ត្រូវបានគេហាមឃាត់ មេដឹកនាំរបស់គណបក្សមួយនេះបានព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យសកម្មភាពគណបក្សអាចរស់ឡើងវិញ ជាពិសេសក្នុងជួរសមាជិករបស់ខ្លួននៅក្នុងប្រទេស។

កញ្ញា រ៉ូ ហ្សិត អ្នកស្រុកបាត់ដំបង និងជាសកម្មជនរបស់ គសជ បានចាប់ផ្តើមរបររកស៊ីដ៏សាមញ្ញមួយដោយការលក់នំបញ្ចុក។ នំបញ្ចុកនេះហើយបានធ្វើឲ្យគណបក្សសង្រ្គោះជាតិ ចាប់ផ្តើមធ្វើជាដើមទុនរកស៊ីនយោបាយបែបថ្មីដើម្បីអាចតថ្លៃជាមួយគណបក្សប្រជាជន ព្រោះការញុំនំបញ្ចុកពិភាក្សាបញ្ហានយោបាយបានរាលដាលពីភូមិមួយទៅភូមិមួយទៀត នៅស្ទើរទូទាំងប្រទេស រហូតនាំទៅដល់ការកោះហៅសកម្មជនគណបក្សប្រឆាំងជាច្រើនរូប ដើម្បីសាកសួរពីបទរំលោភច្បាប់ដែលបានហាមឃាត់ពួកគេ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថា នៅអំឡុងពេលបីសបា្តហ៍ក្នុងខែឧសភា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង៦០នាក់ ត្រូវបានកោះហៅដើម្បីសាកសួរដោយសារតែ «ញុំានំបញ្ចុក»

យុទ្ធសាស្រ្ត «ញុំានំបញ្ចុក» របស់គណបក្សប្រឆាំងនៅកម្ពុជាត្រូវបានគេប្រៀបធៀបទៅនឹងរឿងព្រេងនិទានដ៏ល្បីល្បាញមួយទាក់ទងនឹងប្រវត្តិសាស្រ្តចិននៅសតវត្សទី១៣ ក្នុងសម័យរាជវង្សយួន ដែលរងនូវការឈ្លានពាន និងគ្រប់គ្រងដោយម៉ុងហ្គោលី រហូតធ្វើឲ្យជនជាតិ ហាន សម្រេចចិត្តរៀបចំផែនការបះបោរ។

ដោយសារតែការប្រមូលផ្ដុំត្រូវបានគេហាមឃាត់នៅពេលនោះ មេដឹកនាំឧទ្ទាម ហ្ស៊ូ យួនហ្សាង បានរកមធ្យោបាយចែកចាយនំលោកខែដល់ពលរដ្ឋចិនទាំងអស់ ហើយនៅក្នុងនំនោះមានក្រដាសមួយសន្លឹកសរសេរថា «សម្លាប់ពួកម៉ុងហ្គោលីនៅថ្ងៃទី១៥ នៃខែទី៨» ។ ការបះបោរនោះបានទទួលជោគជ័យ ហើយ ហ្ស៊ូ ក៏បានបង្កើតរាជវង្ស ម៉េង បន្តមក។

សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានគេឲ្យរហ័សនាមថាជា «បុរសខ្លាំងនៅកម្ពុជា» បានប្រើយុទ្ធសាស្រ្ត «ច្រេះស៊ីដែក» ដោយបំប្លែងពីចលនាកៀងគរជាក្រុមតូចៗ របស់គណបក្សប្រឆាំងមកជាចលនាមហាជនទូទាំងប្រទេស ជាវិធីសាស្រ្តមួយដើម្បីឱ្យប្រជាជនបង្ហាញនូវសាមគ្គីភាព និងយកប្រៀបលើគណបក្សសង្គ្រោះជាតិ ហើយបានអំពាវនាវយកថ្ងៃទី៩ ខែមិថុនាជាថ្ងៃនៃ «សាមគ្គីភាពនិងឯកភាពជាតិ» ជំនួសឱ្យថ្ងៃនៃ «ការបែកបាក់ក្នុងសង្គម»។ យុទ្ធសាស្ត្រនេះត្រូវបានលោកដាក់រហ័សនាមថា «ប្រើញញួរដើម្បីវាយទៅលើក្បាលដែកគោលឲ្យលិច»

សង្រ្គាមនំបញ្ចុក មិនអាចចប់ត្រឹមនេះទេ ព្រោះវាអាចរាលដាលទៅដល់អ្នករកស៊ីរបរនំបញ្ចុកនៅនគរខ្មែរ អាចធ្វើឲ្យពួកគាត់មានហាងឆេងខ្ពស់ជាងមុន ត្រូវប៉ាន់ជាងមុន ធូរធារជាងមុន តែមិនប្រាកដថា អាចប្រកួតប្រជែងជាមួយគុយទាវបាននោះឡើយ បើទោះបីជានំបញ្ចុកថោកជាងគុយទាវដល់ទៅបីដងក៏ដោយ។

សម្រាប់ជាតិខ្មែរ សង្រ្គាមនំបញ្ចុក អាចនាំផលប្រយោជន៍ដល់កម្ពុជាទៅវិញទេ បើសិនជាធ្វើត្រូវ ព្រោះក្នុងលោកនេះពិភពលោកពិបាកជឿថា ទឹកហូរអាចត្រឡប់វិញបាន តែទឹកទន្លេនៅកម្ពុជាបានហូរត្រឡប់រាប់ជំនាន់ទៅហើយ ដូចនេះការប្រេះឆានយោបាយក៏អាចប្រែទៅជាសញ្ញារួបរួមជាតិ ដោយការអង្គុយញុំានំបញ្ចុកជាមួយគ្នាវិញ។ លើសពីនេះ ខ្មែរអាចស្នើបញ្ជូលនំបញ្ចុកទៅជា «សម្បត្តិវប្បធម៌អរូបិយ៍ នៃមនុស្សជាតិរបស់អង្គការយូណេស្កូពិភពលោក» ហើយក៏អាចប្រែក្លាយសម្បត្តិមួយនេះ ធ្វើការទាក់ទាញ ភ្ញៀវទេសចរបរទេស មិនតិចជាង៦លាននាក់ក្នុងមួយឆ្នាំ ឲ្យបែរមកញុំានំបញ្ចុកខ្មែរជំនួសឲ្យគុយទាវរបស់ចិន ញុំានំបញ្ចុកខ្មែរជំនួសឲ្យហ្វឺរបស់វៀតណាម និងញុំានំបញ្ចុកខ្មែរជំនួសឲ្យផាត់ថៃរបស់សៀម។

ពាក្យថា «សង្គ្រាម» ត្រូវបានគេឱ្យនិយមន័យមួយបែបថា នៅពេលមានជម្លោះកើតឡើង ហើយនាំទៅដល់ការស្លាប់ ឬរបួសមនុស្សចាប់ពីមួយពាន់នាក់ទៅ នោះហើយជាសង្គ្រាម ដោយឡែកសង្រ្គាមនំបញ្ចុកនៅកម្ពុជា ទោះជាមិនបណ្តាលឱ្យមនុស្សស្លាប់ឬរបួស តែជាព្រឹត្តិការណ៍នឹងធ្វើឱ្យកក្រើក និងចម្ងល់ដល់ពិភពលោក ព្រោះមនុស្សរាប់លាននាក់នឹងនាំគ្នាញុំានំបញ្ចុកក្នុងថ្ងៃតែមួយ ពេលនោះហើយដែលកម្ពុជានឹងជាប់ឈ្មោះលើសៀវភៅ Guinness Book ថែមមួយទៀត ។

យោងតាមកំណត់ត្រារបស់ខ្ញុំ លោក អេង រ៉ូឡង់ ជាអតីតឯកអគ្គរាជទូតខ្មែរមួយរូបដែលបានបង្កើតវប្បធម៌ការទូតនំបញ្ចុក (Noodle Diplomacy) ដ៏ភ្ញាក់ផ្អើលនៅអំឡុងពេល លោកបំពេញបេសកមកម្មការងារការទូតនៅ Washington សហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៩ ដល់ ២០០៥៕

ដោយ៖ ពុយ គា
Facebook: Puy Kea