(ភ្នំពេញ)៖ ថ្ងៃទី៥ ខែមិថុនា គឺជាថ្ងៃនៃទិវាបរិស្ថានជាតិ និងពិភពលោក សម្រាប់ឆ្នាំ២០១៩នេះ គឺជាឆ្នាំគម្រប់ខួបលើកទី២៦ នៃការប្រារព្ធ «ទិវាបរិស្ថានជាតិ» នៅកម្ពុជាផងដែរ ប្រធានបទសំខាន់ ដែលត្រូវលើកយកមកពិភាក្សាគឺ «ការបំពុលខ្យល់»។ ក្រសួងសម្រេចជ្រើសរើសប្រធានបទនេះឡើងព្រោះនៅបញ្ហា ពាក់ព័ន្ធទៅនិងការបំពុលខ្យល់នៅមិនទាន់មានពលរដ្ឋយល់ដឹងច្រើននៅឡើយទេ ជាពិសេសអំពីមូលហេតុដែលធ្វើឲ្យមានការបំពុលខ្យល់កើតឡើង។

បើតាមលោក នេត្រ ភ័ក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា «ការបំពុលខ្យល់កកើតឡើងពីការបញ្ចេញផ្សែងពុលពីរថយន្ត ក៏ដូចជាការដុតសម្រាប់ និងរុក្ខជាតិផ្សេងៗ ដែលមិនត្រូវតាមស្តង់ដារកំណត់។ ទាំងអស់នេះជាមូលហេតុដែលនាំឲ្យខ្យល់មានជាតិពុល ដូចដែរប្រទេសថៃបានជួបប្រទេសកាលពីប៉ុន្មានខែមុន។ យ៉ាងណានភប្រទេសកម្ពុជាយើង នៅមិនទាន់មានបញ្ហាកង្វក់ខ្យល់អាកាសដូចនៅប្រទេសថៃនៅឡើយទេ។ ដូច្នេះដើម្បីបង្ការទុកមុនគឺត្រូវណែនាំដល់ប្រជាពលរដ្ឋអំពីមូលហេតុនៃការបំពុលខ្យល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នាពេលអនាគត»

ចំពោះទីតាំងដែលត្រូវបានជ្រើសរើសប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកនេះ ក្រសួងបរិស្ថានបានសម្រេចជ្រើសរើសខេត្តបន្ទាយមានជ័យ ដោយសារតែខេត្តនេះជាប់ព្រំដែនប្រទេសថៃ មានពលរដ្ឋចេញចូលច្រើន ហើយចំនួននៃការប្រើប្រាស់ថង់ប្លាស្ទីក ក៏មានច្រើន ដែលសុទ្ធសឹងជាមូលហេតុនៃការចូលរូមបំពុលបរិស្ថាន។

ក្រៅពីនេះអ្នកនាំពាក្យខាងលើក៏បានជម្រុញឲ្យប្រជាពរដ្ឋចូលរួមដាំដើមឈើ និងរុក្ខជាតិផ្សេងៗនៅតាមផ្ទះឬទីកន្លែងណាមួយ ដើម្បីចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក និងព្យាយាមប្រើប្រាស់សម្ភារធ្វើពីប្លាស្ទីកទាំងនោះឲ្យអស់លទ្ធភាព មុននិងបោះចោលឲ្យក្លាយជាសម្រាម។ ក្រៅពីនេះការបែងចែកសម្រាមទៅតាមប្រភេទនីមួយៗដើម្បីយកទៅកែឆ្នៃឡើងវិញ ហើយក៏ជាផ្នែកមូយក្នុងការកាត់បន្ថយសម្រាមផងដែរ។

ក្រៅពីការព្យាយាមប្រឹងប្រែងក្នុងការថែរក្សា អភិរក្សព្រៃឈើ និងចូលរួមពិនិត្យវាយតម្លៃគម្រោងអភិវឌ្ឃន៍ផ្សេងៗសួងបរិស្ថានក៏ទទួលយកមតិរិះគន់ក្នុងន័ស្ថាបនាទាំងឡាយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាការបំពុលទឹក និងខ្យល់ថែមទៀត។

ជាការកត់សម្គាល់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្រ្ជាបចំណេះដឹងអំពីភាពចាំបាច់ និងសារ ប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធាន ធម្មជាតិឱ្យបានសមស្រប សំដៅកែប្រែផ្នត់គំនិត និងឥរិយាបថរបស់មហាជន គ្រប់មជ្ឈដ្ឋាន ឱ្យទៅជា កម្លាំងចលករ ដើម្បីរួមចំណែក ដល់ការលើកកម្ពស់ ប្រសិទ្ធិភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និង បរិស្ថាន នៅលើភពផែនដីស្រប ទៅ តាមទស្សនទាន «ការអភិវឌ្ឍដោយចីរភាព»៕