(សៀមរាប)៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព គាស់ទម្លុះទម្លាយ ចូលលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ឈ្មោះ សូ វឿន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ កំលាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និងកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយការសហការ ពីបងប្អូនប្រជាការពារ បានបើកការស្រាវជ្រាវ តាមនិតិវិធីជំនាញ នៅបរិវេណកន្លែងកើតហេតុ រហូតឈានដល់ការកំណត់ មុខសញ្ញាជនសង្ស័យ និងនាំខ្លួនជនសង្ស័យ ឈ្មោះ គង់ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅជួលបន្ទប់ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរ។

នៅចំពោះមុខនគរបាល ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្លក្រាម បានបន្តនិតិវិធីស្រាវជ្រាវ និងដកហូតបាននូវសម្ភារជាវត្ថុតាង ដែលជនសង្ស័យខាងលើ បានលួចយកមកទុក នៅឯផ្ទះមួយកន្លែង ស្ថិតនៅក្រោយ សាលារៀនបន្ទាយចាស់ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប មានដូចជា៖ * ទូទឹកកកតូចម៉ាកអាគីរ៉ា២គ្រឿង * ម៉ាស៊ីនកំដៅនំប៉័ងម៉ាកអាគីរ៉ា ចំនួន០១គ្រឿង * ម៉ាស៊ីនទឹកក្តៅម៉ាក internastional ចំនួន០៩ គ្រឿង * ម៉ាស៊ីនគៀបទឹកផ្លែឈើម៉ា international ០១គ្រឿង * ទូរទស្សន៍ម៉ាកអាគីរ៉ា ៣២អ៊ីញ ០៧គ្រឿង * ម៉ាស៊ីនឆុងកាហ្វេម៉ាក kinos ០២ឈុត * កង្ហារម៉ាកហាតារីព្យួរជញ្ជាំង ៨គ្រឿង * ម៉ូទ័របូម០១គ្រឿង។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបាន ជនសង្ស័យត្រូវបាន នគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកវត្ថុតាងដែលដកហូតបានមកវិញ ដោយមានការឯកភាពពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ធ្វើការប្រគល់ទទួល ជូនជនរងគ្រោះ យកទៅប្រើប្រាស់ឡើងវិញ៕