(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ជំនួបរវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាពាណិជ្ជកម្ម អឺរ៉ុប-អាស៊ាន (EU-ASEAN) ដែលដឹកនាំដោយលោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា (EuroCham Cambodia) ដើម្បីពិភាក្សា និងស្វែងយល់អំពីស្ថានភាព និងកាលានុវត្តភាព ក្នុងវិស័យពាណិជ្ជកម្ម ជាពិសេសការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប មកកាន់កម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រុម ប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន ដែលមានតំណាងចម្រុះពីវិស័យដឹកជញ្ជូន, ធនាគារ, អាហរ័ណ នីហរ័ណ និងធានារ៉ាប់រង។ កិច្ចសន្ទនាបានផ្តោតលើចំណុចគន្លឹះ និងថ្មីៗដែលជាចរន្តសកលក្នុងនោះរួមមាន៖

*ទី១៖ ឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មមកលើសេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា៖
គណៈប្រតិភូបានលើកឡើងពាក់ព័ន្ធនឹងផលវិបាក និងឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មនាពេលបច្ចុប្បន្ន មកលើសេដ្ឋកិច្ចកម្ពុជា ដូចជាគោលនយោបាយ, ភាពធន់របស់សេដ្ឋកិច្ចកម្ពុជា និងវិធានការសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងដាក់ចេញ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលអវិជ្ជមាននៃសង្រ្គាមពាណិជ្ជកម្ម។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មនឹងជះឥទ្ធិពលអវិជ្ជមានចំពោះគ្រប់ប្រទេសទាំងអស់ ទោះបីប្រទេសមានសេដ្ឋកិច្ចតូចក្តី ធំក្តី។ ចំពោះកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម កម្ពុជាមិនទាន់ទទួលឥទ្ធិពលអវិជ្ជមាន ឬផលវិបាកភ្លាមកើតចេញ ពីសង្គ្រាមពាណិជ្ជកម្មនេះទេ ព្រោះថា សេដ្ឋកិច្ចកម្ពុជាទោះបីជាសេដ្ឋកិច្ចតូច តែបើកចំហ មានភាពអំណោយផល ទីផ្សារផលិតផលនាំចេញ របស់កម្ពុជា ចម្រុះសម្រាប់ទាំងទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប ផងដែរ។ តាមទិន្នន័យស្ថិតិចុងក្រោយ ការនាំចេញ ក៏ដូចជាវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា នៅតែបន្តមានកំណើនប្រសើរ។

ប្រការនេះ អាចមានន័យថា សង្គ្រាមពាណិជ្ជកម្មក៏អាចបង្កើតជាឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា ក្នុងការពង្រីកទីផ្សារនាំចេញរបស់ខ្លួន និងទាញយកលំហូរវិនិយោគបន្ថែមផងដែរ។ ទោះជាយ៉ាងនេះក្តី, ក្នុងរយៈពេលវែង, ករណីសង្គ្រាមពាណិជ្ជកម្មនៅតែអូសបន្លាយរយៈពេលវែង កម្ពុជាអាចនឹងប្រឈមនឹងផលប៉ះពាល់អវិជ្ជមាន ដូចជាការថយចុះនៃលំហូរភ្ញៀវទេសចរ អន្តរជាតិ និងលំហូរទុនវិនិយោគបរទេស ដែលបណ្តាលមកពីកំណើនយឺតនៃសេដ្ឋកិច្ចសកលលោក។

ក្នុងបរិក្ខារនេះ, កម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច នៅគ្រប់វិស័យដើម្បីធានាបាននូវភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ដើម្បីចាប់យកកាលានុវត្តន៍ភាពនានា។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី, ក្នុងវិទិកាផ្នែកឯកជន និងរដ្ឋាភិបាលលើកទី ១៨ នាពេលថ្មីៗនេះ, បានដាក់ចេញនូវវិធានការមុតស្រួចជាកញ្ចប់មួយចំនួនក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគ ពីបរទេសបន្ថែមទៀតដែលរួមមាន៖ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកាត់បន្ថយថ្លៃអគ្គិសនី, ការបន្តកសាង-ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, និងការបន្តកំណែទម្រង់ស្ថាប័ន ជាដើម ។

*ទី២៖ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា គណៈប្រតិភូ ក៏មានចំណាប់អារម្មណ៍អំពីផែនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថល

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ពីបច្ចុប្បន្នភាព ក៏ដូចជាផែនការនាពេលអនាគតនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចឌីជីថល មានការសិក្សាពីផែនការមេ សម្រាប់សេដ្ឋកិច្ចឌីជីថល ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់អភិវឌ្ឍវិស័យថ្មីនេះ រៀបចំជាបណ្តើរៗ នូវក្របខ័ណ្ឌគតិយុត្តិ និងយន្តការចាំបាច់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងបច្ចុប្បន្ន រួមមានការរៀបចំច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (Laws on E-commerce), ការង្កើតក្រុមការងារ ដើម្បីពិនិត្យលើពន្ធអាករអេឡិចត្រូនិច (E-tax), ការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ» ដើម្បីលើកកម្ពស់ធុរកិច្ចថ្មី និងការគិតគូរពីការបង្កើត Payment Platform ជាដើម។

*និងទី៣៖ បញ្ហាផ្សេងៗ កិច្ចប្រជុំបានផ្លាស់ប្តូរនូវទស្សនៈ លើគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជារួមមាន បញ្ហាហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត, វិស័យធានារ៉ាប់រង និងទីផ្សារមូលប័ត្រ ជាដើម។ ជារួមរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំផែនការមេស្តីពីការដឹកជញ្ជូននៅកម្ពុជា ផែនការមេស្តីពីឡូជីស្ទីក និងកំពុងពិនិត្យជាបន្ទាន់លើតម្រូវការផែនការមេស្តីពីវិស័យអគ្គីសនី ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព និងភាពប្រាដកនិយម ចំពោះកង្វះខាតអគ្គិសនីនៅកម្ពុជា។ ចំពោះការអភិវឌ្ឍវិស័យ ធានារ៉ាប់រង និងទីផ្សារមូលប័ត្រ បើទោះជាវឌ្ឍនភាពនៅមានកម្រិត រាជារដ្ឋាភិបាលកម្ពុជាបាននឹងកំពុងគិតគូរ និងផ្តល់អាទិភាពក្នុងការបន្តគាំទ្រ និងអភិវឌ្ឍវិស័យនេះបន្ថែមទៀត។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យឯកជនជាដៃគូ និងថាជាចលករមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យគណៈប្រតិភូអឺរ៉ុប-អាស៊ាន ជួយផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សមាជិករបស់ខ្លួនមកបណ្តាក់ទុនលើគ្រប់វិស័យនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជា លើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ទេរចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាថ្មីៗ៕