(ចិន)៖ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិសម្រាប់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (គណៈកម្មាធិការជាតិអេស្កាប់) និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីន និងសង្ក្រោះជនពិការដោយសារមីន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី Intelligent E-Commerce in the Era of Big Data ដែលរៀបចំដោយមហាវិទ្យាល័យ Chongqing Creation Vocational នៅទីក្រុងឆុងជីង (Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ជោគជ័យរបស់សាធារណរដ្ឋប្រជាមានិតចិន ពាក់ព័ន្ធទៅនឹង e-commerce និង cross-border e-commerce ព្រមទាំងបណ្តុះបណ្តាលអំពី e-commerce ដល់មន្ត្រីជាន់ខ្ពស់របស់ប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយនិងផ្លូវមួយ» (Belt and Road)។
អ្នកជំនាញក្នុងវិស័យ e-commerce, big data និង AI របស់ក្រុមហ៊ុន Alibaba នឹងចូលរួមបណ្តុះបណ្តាលដោយផ្ទាល់ ហើយលើសពីនេះ សិក្ខាកាមទាំងអស់ នឹងទទួលបានឱកាស ទស្សនកិច្ចសិក្សាទៅកាន់តំបន់សេដ្ឋកិច្ចពិសេសរបស់ China (Chongqing) Pilot Free Trade Area និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត។
ពាក់ព័ន្ធទៅនឹងវគ្គបណ្តុះបណ្តាលនេះ មហាវិទ្យាល័យ Chongqing Creation Vocational តាម រយៈទេសរដ្ឋមន្ត្រី លី ធុជ បានផ្តល់ឱកាសអាហារូបករណ៍ដល់មន្ត្រីជាន់ខ្ពស់របស់កម្ពុជាចំនួន ១៨រូប ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។
នាឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ប្រធានបទនៃវគ្គបណ្តុះបណ្តាល ពិតជាមានសារសំខាន់ ដោយសារតែវិស័យ e-commerce កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា រួមទាំងអាជីវកម្ម អនឡាញផងដែរ ហើយស្របពេលដែលកម្ពុជាបានកំណត់គោលដៅឆ្នោះទៅរកសេដ្ឋកិច្ចមួយ ដែលពឹងផ្អែកទៅលើបដិវត្តឧស្សាហកម្មទី ៤ នាពេលអនាគត។
ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តទៀតថា ប្រទេសចិន និងកម្ពុជា ជាប្រទេសដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ ហើយបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទំនាក់ទំនងនេះ កាន់តែមានភាពស្អិតល្មួត និងកាន់តែប្រសើរឡើង ហើយកម្ពុជា បានក្លាយជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់។ បន្ថែមពីលើនេះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម និងជាប្រទេសដែលមានការវិនិយោគផ្ទាល់ដ៏ធំបំផុតរបស់កម្ពុជា។
គួរបញ្ជាក់ដែរថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» បាននាំមកនូវការរីកចម្រើនដល់សេដ្ឋកិច្ចក្នុងតំបន់ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនឲ្យកាន់តែមានភាពជិតស្និទ្ធ ដែលក្នុងនោះក៏ជម្រុញឲ្យមានការកើនឡើងនូវភ្ញៀវទេសចរណ៍ចិនមកកាន់ប្រទេសកម្ពុជា ក៏ដូចជា បណ្តាប្រទេសនៅក្នុងតំបន់ផងដែរ៕