(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិនោះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ សាលាអន្តរជាតិ យូ អេស អេ បានរៀបចំអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០១៩ ដើម្បីឱ្យកុមារតូចដែលកំពុងតែសិក្សានោះ សម្តែងទេពកោសល្យ តាមរយៈការតម្តែងសិល្បះ និងសមត្ថភាពផ្សេងៗនៅចំពោះមុខមហាជន។

នៅក្នុងកាសនោះដែរលោក ស៊ឺ ទ្រី ជាគណៈក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ យូ អេស អេ បានថ្លែងថា កម្មវិធីនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តំាងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ។ ប្រទេសកម្ពុជាបាន ឆ្លងកាត់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ប្រជាជន កុមាររាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីស្ទើរគ្មានសល់។

កុមារកម្ពុជាជាច្រើននាក់ បានស្លាប់ដោយសារកង្វះអាហារ និងគ្មានថ្នាំព្យាបាល កុមារខ្លះទៀតរស់នៅដោយក្តីលំបាកវេទនា ព្រាត់ប្រាស់ឪពុកម្តាយ រងទារុណកម្ម អំពើហឹង្សា និងត្រូវបានគេបង្ខំឱ្យធ្វើការដូចទាសករ។ ចាប់តំាងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកប្រទេសកម្ពុជាយើងត្រូវបានរួច ផុតពីរបបកាប់សម្លាប់ ប៉ុល ពត ហើយរាជរដ្ឋាភិបាលបច្ចុប្បន្នបានខិតខំកសាងប្រទេសជាតិឡើងវិញ ធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ជាពិសេសសិទ្ធិ កុមារកម្ពុជា ត្រូវបានលើកកម្ពស់។

អត្រាមរណភាពរបស់កុមារមានការថយចុះ ការចុះឈ្មោះចូលរៀនមានការកើនឡើង ថែមទំាងទទួលបានសិទ្ធិជាមូលដ្ឋានទំាងបួនរបស់កុមារ ដូចជា៖ សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម។

លោកបានបន្តទៀតថា បើចង់ឱ្យទំពាំងស្នង ឬស្សីទៅបាន លុះត្រាតែទំពាំងទាំងនោះ គឺជាទំពាំងល្អប្រកបដោយជីវជាតិ ហេតុដូច្នេះយើងត្រូវតែ នាំគ្នាថែទាំដាក់ជី ជ្រោយដី និងស្រោចទឹកវាឱ្យល្អ ទើបអាចស្នងទៅជាឫស្សីបានល្អ៕