(ស្វាយរៀង)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូលឿនពេក មិនបានប្រុងប្រយ័ត្ន ជ្រុលទៅបុកគូដរយន្តពីក្រោយពេញទំហឹង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖០០នាទីរំលងអាធ្រាត្រ ឈានថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង តាមបណ្តោយផ្លូវជាតិលេខ១។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងរវាងរថយន្ដ និងម៉ូតូព្រលះគ្នាពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ស្លាប់ និងយុវជនម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ រថយន្ដដែលម៉ូតូបុកពីក្រោយនេះ មិនស្គាល់ម៉ាកនោះទេ គ្រាន់តែដឹងថា ជារថយន្ដប្រភេទដឹកទំនិញធុនធំ បើកបរពីលិចទៅកើត ក្រោយកើតហេតុអ្នកបើកបរ បានបើករត់គេចពីកន្លែងកើតហេតុបាត់ស្រម៉ោល។

សមត្ថកិច្ចបានបន្តទៀតថា ចំណែកម៉ូតូម៉ាក ហុងដា PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1O- 4849 (ផ្លាកលេខក្លែងក្លាយ) បើកបរដោយឈ្មោះ វ៉ោន សំណាង អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្ររស់នៅភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព, គ្មានកញ្ចក់មើលក្រោយ បើកបរពីលិចទៅកើត (ស្លាប់នៅកន្លែងកើតហេតុ) ម៉ូតូខូចខាតធ្ងន់។ ខណៈអ្នករួមដំណើរឈ្មោះ យស់ វ៉ាន់ណេត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិពោធិ៍វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុត្ថិភាព រងរបួសធ្ងន់ (បាក់ជើងឆ្វេង)។

បច្ចុប្បន្នម៉ូតូម៉ាក ហុងដា PCX នេះ បានរក្សាទុកនៅអធិការក្រុងស្វាយរៀង រីឯអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ,សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ ដោយសារម៉ូតូបើកល្បឿនលឿន បុករថយន្ដពីក្រោយចំហៀងខាងស្ដាំ៕