(ភ្នំពេញ)៖ លទ្ធផលបឋមដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រនាំមុខគេទាំងស្រុង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ ខណៈដែលតាមពីក្រោយដោយគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។

សរុបជារួមដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា អ្នកបោះឆ្នោតម្នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំ នៅខេត្តត្បូងឃ្មុំ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលអង្គបោះឆ្នោតចំនួន៧រូប ប៉ុណ្ណោះ ក្នុងចំណោម ១១៥៧២នាក់ បានអវត្តមាន។

សូមបញ្ជាក់ថា អាសនៈ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួហនសរុប៤១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន៣៥៥៥អាសនៈ។ អង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១៥៧២នាក់៕