(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ខណៈដែលលទ្ធផលផ្លូវការ នឹងត្រូវប្រកាសជាស្ថាពរ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ខែក្រោយនេះ។ នេះបើតាម លោក នុត សុខុម អនុប្រធាន គ.ជ.ប ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសរុបព្រឹត្តិការណ៍ នៃការបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិ ដែលចាប់ផ្តើមតាំងពីម៉ោង៧៖០០នាទីព្រឹក បានបិទបញ្ចប់ នៅវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការប្រកាសលទ្ធផលបឋម ធ្វើឡើងនៅតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅវេលាម៉ោង៧យប់នេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។

សរុបជារួមដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

សូមបញ្ជាក់ថា អាសនៈ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប៤១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន៣៥៥៥អាសនៈ។ អង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១៥៧២នាក់៕