(ភ្នំពេញ)៖ ទោះបីជាការបោះឆ្នោត នៅថ្ងៃអាទិត្យនេះ បានប្រព្រឹត្តទៅដោយរលូនក៏ដោយ ប៉ុន្តែបើតាមការអះអាងរបស់ គ.ជ.ប គឺមានអង្គបោះឆ្នោតចំនួន៧រូប ក្នុងចំណោមអង្គបោះឆ្នោត១១៥៧២នាក់ បានអវត្តមានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ។

លោក នុត សុខុម អនុប្រធានគ.ជ.ប ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសរុបព្រឹត្តិការណ៍ នៃការបោះឆ្នោត បានឱ្យដឹងថា ក្នុងចំណោមអង្គបោះឆ្នោតសរុប៧រូប ដែលអវត្តមាននោះ មាននៅខេត្តបាត់ដំបង១រូប ខេត្តកំពង់ធំ២រូប ខេត្តព្រះវិហារ១ ខេត្តកំពត១ ខេត្តរតនគិរី១រូប និងខេត្តត្បូងឃ្មុំ១រូប (ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍)។

សរុបជារួមដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

អាសនៈ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប៤១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន៣៥៥៥អាសនៈ។ អង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១៥៧២នាក់៕