(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការប្រកាសលទ្ធផលបឋម នៅវេលាម៉ោង៧យប់នេះតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ ក៏បានប្រកាសបន្តថា លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ នឹងប្រកាសនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ខណៈដែលលទ្ធផលផ្លូវការ នឹងត្រូវប្រកាសជាស្ថាពរ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ខែក្រោយនេះ។ នេះបើតាម លោក នុត សុខុម អនុប្រធានគ.ជ.ប ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសរុបព្រឹត្តិការណ៍ នៃការបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិ ដែលចាប់ផ្តើមតាំងពីម៉ោង៧៖០០នាទីព្រឹក បានបិទបញ្ចប់ នៅវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។