(ព្រះសីហនុ)៖ បវរកញ្ញាឯកខ្មែរពិភពលោក បានបង្ហាញវត្តមានជា​ថ្មីទៀត នៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ កាល​ពី​រសៀល​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមរើសសំរាម នៅតាមឆ្នេរអូរត្រេះ និងឆ្នេរមួយចំនួនទៀត។

វត្តមានបវរកញ្ញា​ឯកពិភពលោ​កមកកម្ពុជា​ជាថ្មីទៀតនេះ ដើម្បីជាសារ​បំផុសប​ណ្តុះគំនិត​ដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំង​ប្រទេស ឲ្យចេះ​ស្រលាញ់ និងចូលរួម​ថែរក្សាសំអាត​អនាម័យ​បរិស្ថា​នឲ្យបាន​ទាំងអស់គ្នា។

បន្ថែមលើនេះ ការបង្ហាញខ្លួន របស់បវរកញ្ញាឯ​កពិភពលោក នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ កាលពី​ថ្ងៃម្សិលមិញ ឃើញមានអម​ដំណើរដោយ ថ្នាក់ដឹកនាំ​រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ, មន្ទីរ​បរិស្ថាន, មន្ទីរទេសចរណ៍, តំណាងក្រុមហ៊ុន​ប្រមូលសំរាម KSWM, សិស្សានុសិស្ស, មន្ត្រីសង្កាត់​លេខ៤ និងមន្ត្រីស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួនទៀត បានចូល​រួមរើសសំរាម នៅឆ្នេរអូរត្រេះ។

នាឱកាស​នោះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង​ខេត្តព្រះសីហនុ បានចាត់​ទុកវត្តមាន របស់ប​វរកញ្ញាឯកពិភព​លោកដើម​កំណើត​ខ្មែរថា បានផ្តល់​សារៈសំខាន់ ដល់ការ​កែនគរកំណើន​ភ្ញៀវទេសចរ ឲ្យចូល​មកទស្សនា ខេត្តព្រះសីហនុ កាន់តែ​ច្រើនថែម​ទៀតនា​បណ្តាឆ្នាំ​ខាងមុខៗទៀត។

លោកស្រី ហ៊ីមុល្លី ឲ្យដឹងដូច្នេះ រួចបញ្ជាក់​ថា សកម្មភាព​ដើររើស​សំរាម របស់​បវរកញ្ញា​ឯកពិភព​លោក នាឆ្នេរអូរត្រេះ ក៏ជា​សារបំផុសដាស់​ស្មារតីដល់​កូនខ្មែរ ប្រជា​ពលរដ្ឋខ្មែរ ឲ្យចូលរួម​លើការងារ​ថែរក្សា​សម្អាត​អនាម័យ និងបរិស្ថាន​នៅតំបន់ឆ្នេរ ក៏ដូចជា​នៅតាមទី​ប្រជុំជននានា ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​នៅតាមមូលដ្ឋាន​រៀងៗខ្លួន ឲ្យមាន​អនាម័យ​ល្អស្អាត៕