(ស្វាយរៀង)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ អាណត្តិទី៣ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ដោយឡែកសម្រាប់ខេត្តស្វាយរៀងវិញ ក៏មិនខុសពីតាមបណ្តាខេត្តដ៏ទៃទៀតដែរ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ សមាជិកដែលជាអង្គបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ នៅតាមមណ្ឌលបោះឆ្នោតនានាក្នុងខេត្ត។

បើតាមន្ត្រីគណៈកម្មាការជាតិរៀបចំបោះឆ្នោត បានឲ្យដឹងថា ការិយាល័យបោះឆ្នោតលេខ ០០០៧ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាព្រះសីហនុ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មាន៣គណបក្សនយោបាយចូល រួមមាន ទី១៖ គណបក្សប្រជាជនកម្ពុជា, ទី២៖ គណបក្សឆន្ទះខ្មែរ, ទី៣៖ គណបក្សសញ្ជាតិកម្ពុជា ដោយឡែកនៅតាមបណ្តាស្រុកក្រុង៧ទៀត មានតែពីរគណបក្សប៉ុណ្ណោះ ដែលចូលរួមបោះឆ្នោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។

ក្នុងនោះ ខេត្តស្វាយរៀង មាន៨ការិយាល័យ ៩មណ្ឌល មានសមាជិកចូលរួមបោះឆ្នោត ទូទាំងខេត្តស្វាយរៀង មាន៥១៨នាក់ និងមាន២៣អាសនៈ សម្រាប់ក្រុមប្រឹក្សាខេត្ត និង១៤១អាសនៈ សម្រាប់ក្រុមប្រឹក្សាស្រុក ក្រុង។ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកល ដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងតំណែងជាអង្គបោះឆ្នោតតែប៉ុណ្ណោះ។ ចំណែកសន្តិសុខសណ្តាប់ធ្នាប់វិញ មានភាពល្អប្រសើរ ពុំមានអ្វីគួរឲ្យកត់សំគាល់នោះទេ គឺប្រព្រឹត្តិទៅដោយរលូន។

ក្នុងនោះលទ្ធផល ដែលទទួលបានត្រឹម១១៖០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ គឺលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក អាណត្តិទី៣ ឆ្នំា២០១៩ ក្នុងខេត្តស្វាយរៀង គណបក្សប្រជាជនកម្ពុជា ឈ្នះ១០០ភាគរយ ហើយបានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា និងមានសន្តិសុខសុវត្ថិភាពល្អប្រសើរ។

អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានទៅចូលរួមបោះឆ្នោត មានចំនួន៥១៨នាក់ លើ៥១៨នាក់ (ស្រី១០៤នាក់) រីឯបញ្ហាសុខភាព៖ គ្មាន។ លទ្ធផលបោះឆ្នោតមានដូចខាងក្រោម៖

* លទ្ធផលក្រុមប្រឹក្សាខេត្ត៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥១៨សំឡេង ស្មើនឹង២៣អាសនៈ (១០០%), គណបក្សសញ្ជាតិកម្ពុជា ទទួលបាន០សំឡេង, គណបក្សឆន្ទៈខ្មែរ ទទួលបាន០សំឡេង សន្លឹកឆ្នោតបានការ ៥១៨សំឡេង-សន្លឹកឆ្នោត មិនបានការ៖ គ្មាន។

* ចំពោះលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥១៧សំឡេង ស្មើនឹង១៤០អាសនៈ (១០០%), គណបក្សសញ្ជាតិកម្ពុជា ទទួលបាន០សំឡេង សន្លឹកឆ្នោតបានការ ៥១៧សំឡេង សន្លឹកឆ្នោតមិនបានការ១សំឡេង៕