(ភ្នំពេញ)៖ ព្រហ្មទណ្ឌ គឺគោលការណ៍មួយប្រភេទ ដែលចែងមកសម្រាប់​ដាក់ទោសដល់រាល់បុគ្គល​ទាំងឡាយណា​ដែលបាន​ប្រព្រឹត្ត​ផ្ទុយពី​បទបញ្ញត្តិច្បាប់ ជាពិសេសនោះគឺក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះហើយ នៅពេលមាន​បទល្មើសមួយកើតឡើង គឺត្រូវតែ​មាន​អ្នកទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ។

ជាគោលការណ៍ គេមិនអាចឲ្យជនដែលមិនដឹងខុសត្រូវពី ភាពធ្ងន់ធ្ងរ​នៃអំពើ​របស់ខ្លួន ឲ្យទទួល​ខុស​ត្រូវព្រហ្មទណ្ឌ​ទេ ព្រោះ​ថា ការយល់ដឹងខុសត្រូវពី​អំពើរ​បស់ខ្លួន គឺជាកត្តា​មួយដែលនាំឲ្យបុគ្គលម្នាក់ៗ​ ត្រូវទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ។

ហេតុនេះ​បានជាក្រម​ព្រហ្មទណ្ឌ​កម្ពុជា​កំរិត​អំពីការ​ទទួលខុស​ត្រូវព្រហ្មទណ្ឌ​យ៉ាង​ច្បាស់​លាស់ ដែលក្នុ​ងនោះ មាត្រា៣៨ បាន​ចែងថា នីតិភាព​នៃការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ត្រូវបាន​កំណត់​អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ ។ ចុះប្រសិន​បើអនីតិជន​អាយុក្រោម ១៨ ឆ្នាំ ប្រព្រឹត្ត​បទល្មើស តើត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែររឺទេ? តើមានវិធាន​ការបែប​ណាខ្លះ ​ចំពោះអនីតិជនដែលបាន ប្រព្រឹត្តបទ​ល្មើស​ព្រហ្មទណ្ឌ?

ដូចនេះ​ដើម្បី​សិក្សាពី សញ្ញាណ​នៃការទទួល​ខុសត្រូវ ព្រហ្មទណ្ឌរ​បស់អនីតិជន​ឲ្យបាន​ច្បាស់លា​ស់ កម្មវិធី យល់ដឹង​ផ្នែក​ច្បាប់​រ​បស់​អង្គភាព​​ព័ត៌មាន FRESH NEWS សហការ​ជា​មួយ​​ក្រុមមេធាវី​​កម្ពុជា​​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​សប្តាហ៍នេះ សូម​លើកយក​ប្រធា​នបទស្តីពី «ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន» មកធ្វើការ​ចែករំលែក​ជូនបងប្អូន​ប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖

យើងបានដឹងហើយច្បាប់បាន កំណត់​ពីការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌថា ​ទាល់តែអាយុចាប់ពី ១៨ ឆ្នាំឡើង​ទៅទើប​ទទួល​ខុសត្រូវ ដោយហេតុថា​អាយុក្រោម ១៨ ឆ្នាំ គឺជា​អនីតិជន ដែលការ​យល់ដឹង​របស់ពួក​គាត់នៅខ្វះខាត​នៅឡើយ ។ ប៉ុន្តែចំ​ណុច​នេះអាច​មានភាព​ពិបាក ដោយ​ហេតុថា ក្នុងករណី​ដែលមាន​អនីតិជន​អាយុក្រោម១​​៨ឆ្នាំ ប្រព្រឹត្តបទ​ល្មើសធ្ងន់​ធ្ងរ​ណាមួយ ។

ហេតុនេះហើយទើបក្នុងមាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិបន្ថែមទៀតថា តុលាការ​អាចប្រកាស​ទណ្ឌកម្ម ព្រហ្មទណ្ឌ​ទៅ​លើអនីតិជនអា​យុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើង​ទៅបាន ប្រសិន​បើកាលៈទេសៈ​នៃបទល្មើស ឬបុគ្គលិក​លក្ខណៈរបស់អនីតិជ​នតម្រូវ ។

មានន័យថា អនីតិជនអាយុ ១៤ ឆ្នាំដល់ ១៨ ឆ្នាំអាចនឹង​ត្រូវទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ អំពើរបស់ខ្លួន​ប្រសិន កាលៈ​ទេសៈ​នៃបទ​​ល្មើស ឬបុគ្គលិក​លក្ខណៈរ​បស់អ​នីតិជន តម្រូវ ។

នៅក្នុងក្រមព្រហ្មទណ្ឌ​នៃព្រះរាជាណា​ចក្រកម្ពុជា មិនបាន​កំណត់​ឲ្យ​បានច្បាស់លាស់​ឡើយអំពី​ពាក្យថា កាលៈទេសៈ​នៃបទល្មើស ឬបុគ្គលិក​លក្ខណៈរបស់​អនីតិជន​ឡើយ ហេតុដូច​នេះនៅពេល​ជួបប្រទះ​​នូវករណី​ណាមួយ ច្បាប់បាន​ផ្ដល់សិទ្ធិ​ពិសេស​ដល់តុលាការ (ឆន្ទានុសិទ្ធិ) ក្នុងការ​ពិចារណា​ថា តើអនីតិ​ជននោះត្រូវទទួល​ខុសត្រូវ ឬក៏អត់ចំ​ពោះទង្វើល្មើស​ច្បាប់ព្រហ្មទណ្ឌ​របស់ខ្លួន ។

ប៉ុន្តែ តាមខ្លឹមសារនៃមាត្រា ៣៩ ដដែលមានន័យថា សម្រាប់អនីតិជន​ដែលមាន​អាយុក្រោម ១៤ ឆ្នាំ មិនអាចត្រូវបាន តុលាការ​ព្រហ្មទណ្ឌ​ប្រកាស​ឲ្យទទួល​ទោស​បាន​ឡើយ ។

ជាទូទៅ​រាល់អនីតិជ​នអាយុពី១៤ ដល់ក្រោម ១៨ឆ្នាំ ដែលប្រព្រឹត្តបទល្មើសទាំងអស់ តុលាការ​អាចសម្រេ​ច​ដាក់គាត់​ក្នុងវិធា​នការតាមដាន វិធានការ​អប់រំ វិធានការ​ការពារ និងវិធាន​ការឧបត្ថម្ភ ដែលមាន​ដូចជា៖

១៖ ការប្រគល់អនីតិជនទៅឪពុកម្ដាយ អាណាព្យាបាល បុគ្គលិកដែលថែរក្សា អនីតិជននោះ ឬ បុគ្គលណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសក្កិសមនឹងទំនុកចិត្ត ។
២៖ ការប្រគល់អនីតិជន​ឲ្យទៅ​សេវា​សាធារណៈ ដែលសម្រាប់​ទទួលបន្ទុក​អនីតិជន ។
៣៖ ការប្រគល់អនីតិជនឲ្យទៅអង្គការឯកជន ដែលមាននីតិសម្បទាក្នុងការទទួលអនីតិជន ។
៤៖ ការប្រគល់អនីតិជនឲ្យទៅមន្ទីរពេទ្យ ឬស្ថាប័នឯកទេស ។
៥៖ ការដាក់អនីតិជនឲ្យ​នៅក្រោម​ការការ​ពារ​របស់តុលាការ ដែលនៅក្នុងករណីនេះ តុលាការ​នឹងចាត់​តាំងបុគ្គល មួយរូប​ដែល​ត្រូវ​ទទួល​ភារៈ​ធ្វើការ​តាមដាន​អនីតិជន ។

បុគ្គលនេះផ្ញើររ​បាយការណ៍​ស្ដីពី កិ​រិយាមារ​យាទ​របស់ អនីតិជន​ឲ្យ បានទៀង​ទាត់​​ដល់​ព្រះរាជអាជ្ញា។ បុគ្គល​នេះផ្ដល់ព័ត៌​មាន​​​​ដល់ព្រះរាជាអាជ្ញា ​អំ​ពី​ព្រឹត្តិការណ៍​ទាំង​អស់ដែល​អា​ចនាំឲ្យ មានការកែប្រែ​នូវវិធាននេះ ។

ផ្ទុយទៅវិញប្រសិន​បើតុលាការ​យល់ឃើញថា កាលៈទេសៈ​របស់ប​ទល្មើស ឬបុគ្គលិក​លក្ខណៈរ​បស់អនីតិជន​តម្រូវ នោះ​មាន​​ន័យថា អនីតិជន​ត្រូវទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ ដែលតុលាការ​ត្រូវប្រ​កាសទណ្ឌកម្ម​ព្រហ្មទណ្ឌ​ទៅលើ អនីតិជន​នោះ ។

ក្នុងករណីនេះ ក្រមព្រហ្ម​ទណ្ឌបាន កំណត់​យ៉ាង​ជាក់លាក់ នូវទោស​ដែលអាច​អនុវត្ត​ចំពោះ​អនីតិជន​បាន កាលណា​តុលាការ​សម្រេចផ្ដន្ទាទោស​ព្រហ្មទណ្ឌ​ទៅលើ​អនីតិជន ដែលមាន​បញ្ញត្តិ​នៅក្នុងមាត្រា ១៦០ ថា: កាលណាតុលាការ​សម្រេច​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​ទៅលើអនីតិជន​អាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើង​ទៅ មូលទោស​លើបទល្មើស​ដែលចោទ​ប្រកាន់ ត្រូវបាន​បន្ថយ​ក្នុងលក្ខខណ្ឌ​ដូចខាងក្រោម៖

១៖ អតិបរមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក់កណ្ដាល ។
២៖ ប្រសិនបើអតិបរមានៃទោសនោះ គឺជាទោសដាក់ពន្ធនាគារអស់មួយជីវិត អតិបរមាត្រូវបន្ថយមកដាក់ពន្ធនាគារ ២០ (ម្ភៃ) ឆ្នាំ ។
៣៖ អប្បបរមានៃទោសដាក់ពន្ធនាគារ ត្រូវបន្ថយពាក់កណ្ដាល ប្រសិន​បើអប្បបរមា​នេះលើសពី ១ (មួយ) ថ្ងៃ ។
៤៖ អប្បបរមា និងអតិបរមា នៃទោស​ពិន័យជាប្រាក់ ត្រូវបន្ថយ​ពាក់​កណ្ដាល ។

ក្នុងករណីការចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើ​បទបញ្ញត្តិនៃ​មាត្រានេះមាន អានុភាពបន្ថយ អតិបរមា​នៃ ទោស​ដាក់ពន្ធ​នាគារ មកត្រឹម​​ថិរវេលា​​មួយស្មើ ឬតិចជាង ៥ (ប្រាំ) ឆ្នាំនោះបទល្មើស​ដែលចោទ​ប្រកាន់​នៅតែជា​បទឧក្រិដ្ឋដដែល ។ ក្រៅពីមូល​ទោស តុលាកា​រក៏អាចប្រកាស​ទោសបន្ថែម និងទោស​ការងារ​សហគមន៍​បាន​ផងដែរ ដែលចំណុច​នេះមាន​បញ្ញត្តិក្នុ​ងមាត្រា ១៦១ និង១៦២ នៃក្រម​ព្រហ្មទណ្ឌ។

សរុបមកឲ្យតែមានការប្រព្រឹត្ត​បទល្មើស​មួយឡើង ពិតណាស់​វាតែងតែប​ង្កឲ្យមាន​ព្យសនកម្ម ឬការ​ខូចខាត ផ្សេងៗ ដែលជា​​មូលហេតុ​មួ​យ​តម្រូវ​ឲ្យមាន ការទទួល​ខុសត្រូវ​ពីអ្នក​ដែលបាន​ប្រព្រឹត្ត​ឡើងនោះ ចំពោះអំពើរបស់ខ្លួន។

ប៉ុន្តែជាបទបញ្ញត្តិដោយឡែក ច្បាប់ក៏បាន​កំណត់នូវ​គោល​ការណ៍នៃការ ទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ​មួយដាច់​ដោយឡែក សម្រាប់​អនីតិជន​ដែលប្រព្រឹត្ត​បទល្មើស ចៀសវាង​ប៉ះពាល់​ដល់សិទ្ធិ ក៏ដូចជា​បង្កនូវ​ការលំបាក​ដល់អនីតិជនដែល​ជាគោលការណ៍​អនីតិជន​ត្រូវបានគាំពារ​យ៉ាងខ្លាំង​ដោយច្បាប់ ជាពិសេស​នោះគឺច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ
អត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥
អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕