(កំពង់ចាម)៖ សមាជិកក្រុមប្រឹក្សាម្នាក់នៅខេត្តកំពង់ចាម ត្រូវបានគ្រូពេទ្យ និងសាច់ញាតិរបស់ខ្លួនដឹកយកទៅបោះឆ្នោត នាព្រឹកថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បើទោះបីជាលោកទើបនឹងវះពោះវៀនដុះខ្នែងក៏ដោយ។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថាលោក ផា សុផាត អាយុ៦៤ឆ្នាំ ជាចៅសង្កាត់រងទី១ នៃសង្កាត់សំបួរមាស ក្រុងកំពង់ចាម ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ចាម និងសាច់ញាតិរបស់លោកដឹកមកកាន់ការិយាល័យបោះឆ្នោត និងបានបោះឆ្នោតរួចហើយ បើទោះបីគាត់ទើបតែវះពោះវៀនដុះខ្នែងកាលពីម្សិលម្ង៉ៃក៏ដោយ។

យ៉ាងណាក៏ដោយបើលោកអភិបាលខេត្តកំពង់ចាមលោក ផា សុផាត មានសុខភាពល្អទេ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

សូមបញ្ជាក់ថា ដូចអ្វីដែលបានគ្រោងទុកការិយាល័យបោះឆ្នោត ២០៣ការិយាល័យនៅទូទាំងប្រទេស បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩។ ដំណើរការបោះឆ្នោតនេះចាប់ផ្តើមពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៣រសៀលថ្ងៃដដែលនេះ៕