(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ថា សម្រាប់ទិដ្ឋភាពជារួមនៃដំណើរការ ការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ នាព្រឹកនេះ គឺដំណើរការយ៉ាងរលូន ដោយការិយាល័យភាគច្រើន នៅទូទាំងប្រទេសបើកដំណើរការបោះឆ្នោត នៅម៉ោង៧៖០០នាទីព្រឹក។

អ្នកនាំពាក្យរួមនេះបានបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពនៅការិយាល័យបោះឆ្នោត ទាំងការបង្ហាញសន្លឹកឆ្នោតរហូតដល់តម្រង់ជួរ និងការបោះឆ្នោត នៅទូទាំងប្រទេសជារួម បានដំណើរការប្រព្រឹត្តទៅដោយរលូន និងការិយាល័យភាគច្រើនបានបើកទ្វារនៅម៉ោង៧ព្រឹកគត់»។

សូមជម្រាបថា ការិយាល័យបោះឆ្នោត ២០៣ការិយាល័យនៅទូទាំងប្រទេស បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩។ ដំណើរការបោះឆ្នោតនេះចាប់ផ្តើមពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៣រសៀលថ្ងៃដដែលនេះ។

យោងតាម គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សសញ្ជាតិកម្ពុជា។

សម្រាប់អាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសមានចំនួនសរុប ៤,១១៤អាសនៈ។ ក្នុងនោះអាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត (២៥) មានចំនួន ៥៥៩អាសនៈ, ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន២០៣ មានអាសនៈចំនួន ៣,៥៥៥អាសនៈ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងផងដែរថា បេក្ខភាពឈរឈ្មោះបោះឆ្នោតមកពីគណបក្សនយោបាយទាំង៧ មានចំនួនសរុប ២១,៦៩២នាក់ នារី ៧,២៧៨នាក់។ ក្នុងនោះពេញសិទ្ធិមានចំនួន ១០,៦៩៨នាក់ នារី ៣,២២០នាក់ និងបម្រុង ១០,៩៩៤នាក់ នារី ៤,០៥៨នាក់។

ដោយឡែកអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ/សង្កាត់ (១,៦៤៦ឃុំ/សង្កាត់) មានចំនួនសរុប ១១,៥៧២នាក់ នារី ២,៣៨២។

គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ក៏មានការអញ្ជើញចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតពីអង្គការ សមាគមក្រៅរដ្ឋាភិបាលចំនួន១៩ មានសមាជិករហូតដល់ប្រមាណ ១,០១០នាក់៕