(កំពង់ធំ)៖ ចេញដំណើរពីខេត្តព្រះវិហារ រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្តដំណើរមកខេត្តកំពង់ធំ ដើម្បីពិនិត្យឃ្លាំងស្តុក ឡសម្ងួត និងរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុមអេមរុរ៉ាយស៍ (Amru Rice) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខ ក្នុងការនាំចេញអង្ករ និងបានចូលរួមអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករ និងសហគមន៍បានយ៉ាងល្អប្រសើរ។

ក្នុងរោងចក្រ ជារួមក្រុមហ៊ុន បានរៀនចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ ដើម្បីធានាដល់គុណភាពផលិតអង្ករ ដោយបំពាក់ប្រព័ន្ធកុំព្យូទ័រទំនើបៗ តាមស្តង់ដារតម្រូវនៃទីផ្សារនាំចេញ។

ម្ចាស់ក្រុមហ៊ុន បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងប្រមូលទិញស្រូវពីសហគមន៍ និងកសិករដែលបានចុះកិច្ចសន្យាក្នុងខេត្តគោលដៅចំនួន ០៧ មានខេត្តព្រះវិហារ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ បាត់ដំបង កំពង់ចាម និងខេត្តកំពង់ធំ ដើម្បីយកមកផ្គត់ផ្គង់ឲ្យខ្សែច្រវាក់ផលិតកម្ម រួចធ្វើការលក់ចេញទៅទាំងទីផ្សារក្នុង និងក្រៅស្រុក ហើយអ្វីដែលគួរឲ្យកោតសរសើរនោះគឺ ថ្មីៗនេះក្រុមហ៊ុនបានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនសាន់រាយ អូស្រ្តាលី ដើម្បីនាំអង្ករកម្ពុជាទៅកាន់ទីផ្សារអូស្រ្តាលីផងដែរ។

នាឱកាសនេះ រដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រៃងរបស់ក្រុមហ៊ុន រហូតទទួលបាននូវសមិទ្ធផលដ៏ល្អធំធេងនាពេលនេះ។

លោកបានបន្តថា សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីចំណុចវិជ្ជមាន នៃកំណែទម្រង់ដ៏សមស្របរបស់វិស័យកសិកម្ម ស្របជាមួយនិងគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាតវៃបំផុតពីប្រមុខរាជរដ្ឋាភិបាល។
លោកបន្ថែមថា ការធ្វើពាណិជ្ជូបនីយកម្ម ទំនើបកម្មកសិកម្ម និងការប្រែក្លាយប្រជាកសិករទៅជា កសិពាណិជ្ជករ គឺជាឆន្ទ:ចំបងមួយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នា ឆ្នាំ២០៣០៕