(ភ្នំពេញ)៖ សុនខចាស់មួយក្បាល ដែលជាសត្វឆ្កែយកមកពីប្រទេសប៊ូសស្នៀ ដើម្បីបម្រើឲ្យការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា មានឈ្មោះថា DIA បានបាត់បង់ជីវិត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ ត្រឹមអាយុ៨ឆ្នាំ។ នេះបើយោងតាមការផ្សាយលើ Facebook របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់។

លោក ហេង រតនា បានសរសេររៀបរាប់លើ Facebook យ៉ាងដូច្នេះថា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ អង្គភាពសុនខស៉ីម៉ាក់មានការសោកស្តាយ ដោយសារបាត់បង់សុនខមួយក្បាលមានឈ្មោះថា DIA ភេទញី អាយុជាង៨ឆ្នាំ ដែលសុនខនេះបានបម្រើប្រយោជន៍វិស័យសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ DIA បានធ្វើអន្តោប្រវេសន៍ មកពីប្រទេសប៊ូសស្នៀ។

លោកបន្តថា សុនខនេះបានបង្កើតកូនសុនខ១០ក្បាលផងដែរ ដើម្បីជាប្រយោជន៍ដល់អង្គភាពសុនខស៉ីម៉ាក់។ ជាមួយគ្នានេះ លោក ហេង រតនា ក៏បានថ្លែងអំណរគុណ ដល់មន្ត្រីនៃមណ្ឌលសុនខទាំងអស់ ដែលបានសាមគ្គីភាពដ៏ល្អក្នុងការចាត់ចែងទុកដាក់សុនខ DIA ផងដែរ។

ការបាត់បង់សុនក DIA មួយក្បាលនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ Facebook នៅកម្ពុជា មានការរន្ធត់ចិត្តជាខ្លាំង ដោយសារសុនកនេះជាប្រភេទសត្វ ដែលបានជួយបម្រើកិច្ចការដោះមីននៅកម្ពុជា ពេញមួយជីវិតរបស់វា៕