(ព្រះសីហនុ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានដឹកនាំមន្ត្រីជាថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ និងក្រុមហ៊ុនប្រមូលសំរាម KSWM បើកកិច្ចប្រជុំបន្ទាន់មួយ ដោយលើកយកបញ្ហាសំណល់សំរាម និងកាកសំណល់ការដ្ឋាននាក្រុងព្រះសីហនុ យកមកធ្វើជាប្រធានបទ សម្រាប់កិច្ចពិភាក្សា ប្រយោជន៍ដើម្បីឈានទៅប្រមូលសំរាមកកស្ទះ ឬត្រូវបានប្រជាពលរដ្ឋ គរទុកចោលតាមមុខផ្ទះ និងតាមផ្លូវចិញ្ចើមផ្លូវសាធារណៈ ឲ្យបានប្រសើរឡើង។

កិច្ចប្រជុំនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ផ្តោតសំខាន់ទៅលើការងារគ្រប់គ្រង កាកសំណល់សំរាម និងសំណល់ការដ្ឋាននាទីប្រជុំជន ក្រុងព្រះសីហនុ ក្នុងនោះក៏មានការចូលរួមពី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ, លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ, ប្រធានមន្ទីរពាក់ព័ន្ធ និងចៅសង្កាត់-មេភូមិជាដើម។

តំណាងក្រុមហ៊ុនប្រមូលសំរាម KSWM លោក ដេ វីត បានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុនរបស់ខ្លួន បានជួបប្រជុំពិភាក្សាជាមួយមន្ត្រីសង្កាត់ទាំង៤ នាក្រុងព្រះសីហនុ និងមេភូមិដើម្បីស្វែងរករកទីតាំង ដើម្បីដាក់ធុងកុងតឺន័រ សម្រាប់ឲ្យពលរដ្ឋយកសំរាមយកទៅទុកក្នុងនោះ ដោយជាលទ្ធផលកំណត់បានទីតាំងចំនួន៣៥ សម្រាប់ដាក់ទូរកុងតឺន័រ ដើម្បីងាយស្រួលឲ្យឡានដឹកជញ្ជូនសំរាម ដឹកចេញបានទាន់ពេលវេលា។ លោកបន្តថា ម្យ៉ាងទៀតក្រុមហ៊ុន KSWM ក៏នឹងរៀបចំកម្មវិធីថ្មី គឺការប្រមូលសំរាមចេញពីទីប្រជុំជនក្រុងព្រះសីហនុ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៦ព្រឹក ជារៀងរាល់ថ្ងៃ។

លោក ដេ វីត បានបន្ថែមថា ចំពោះពេលព្រឹកក្រុមហ៊ុន KSWM នឹងប្រមូលសំរាម នៅតាមគោលដៅសំខាន់ៗ ដើម្បីកាត់បន្ថយ នូវបរិមាណសំរាមនៅក្នុងទីប្រជុំជន ក្រុងព្រះសីហនុ កុំឲ្យមានការកកស្ទះ។ ក្នុងនោះ ក្រុមហ៊ុនមានស្ថានីយស្តុបសំរាម ចំនួន២កន្លែង ដើម្បីបញ្ចៀសនៅតាមមូលដ្ឋាននេះ មានការកកស្ទះចរាចរណ៍។

ថ្លែងក្នុងឱកាសនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ក៏បានសន្យាថា នឹងផ្ដល់ធុងកុងតឺន័រ សម្រាប់ដាក់សំរាមចំនួន៥០ធុង និងជួយចាក់សាបបេតុង សម្រាប់ទីតាំងដាក់ធុងកុងតឺន័រ នៅតាមសង្កាត់ទាំង ៤ មានចំនួន ៣៥កន្លែង ដើម្បីងាយស្រួលក្នុងការប្រមូលសំរាម និងសំណល់ការដ្ឋាន ចេញពីទីប្រជុំជនក្រុងព្រះសីហនុ ដើម្បីឈានទៅលើកកម្ពស់អនាម័យបរិស្ថាន ទីក្រុងទេសចរណ៍មួយនេះ ឲ្យមានសោភណភាព កាន់តែប្រសើរថែមទៀត ដើម្បីឲ្យសាកសម្យជា «តារារះ នាទិនារតី»៕