(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងរាជធានីភ្នំពេញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ ចាប់ខ្លួនបានជនសង្ស័យ២នាក់ ក្រោយពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសម្នាក់ នៅចំណុចមុខផ្ទះលេខ១០៩ ផ្លូវលេខ២០២ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានគោលដៅចុះជួយខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះរួមមាន ទី១៖ឈ្មោះ ពេជ្រ សុដារ៉ុង ហៅរ៉ុង អាយុ១៧ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (អ្នកធ្វើសកម្មភាពឆក់) ។ ទី២៖ឈ្មោះ ទូច ណារាជ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលមិនចាំលេខផ្លូវលំ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ (ជាអ្នកបើកម៉ូតូ)។

វត្ថុតាងចាប់យករួមមាន ម៉ូតូ០១គ្រឿង ម៉ាក Honda C125 ពណ៌មាស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HO-3378 លេខតួ និងម៉ាស៊ីន 5397816 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពឆក់)។

ដោយឡែក ជនរងគ្រោះឈ្មោះ រ៉ា រីណា អាយុ២៧ឆ្នាំ មុខរបរ វិស្វករសំណង់ស៊ីវីល ស្នាក់នៅផ្ទះលេខ៣១ ផ្លូវលេខ៥៥០ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ សម្ភារបាត់បង់រួមមាន ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក iPhone XS max ពណ៌មាស។

របាយការណ៍ដដែលបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម្នាក់ឯង ម៉ាក ស្មាស់ ចេញពីហាងហ្គោលស៊ីតធី ផ្លូវលេខ២០២ សង្កាត់ទឹកល្អកទី៣ នៅក្បែរកន្លែងកើតហេតុ ក្នុងគោលបំណងទៅផ្ទះ នៅពេលកំពុងជិះម៉ូតូចេញបានបន្តិច ជនរងគ្រោះក៏ដកទូរស័ព្ទចេញមក បម្រុងនិយាយទាក់ទងទៅអ្នកផ្ទះ ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូមកពីខាងក្រោយ រួចចូលអែបជិតពីខាងឆ្វេង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ បានសម្រេចហើយនាំគ្នាជិះម៉ូតូគេចខ្លួន។ ប៉ុន្ដែត្រូវបានជនរងគ្រោះស្រែកៗ ឲ្យគេជួយ និងដេញតាម ក្នុងពេលនោះកម្លាំងក្រុមល្បាតរបស់ នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ដែលកំពុងល្បាតនៅក្បែរនោះក៏សហការជាមួយជនរងគ្រោះ ដេញតាមចាប់បានជនសង្ស័យទាំង០២នាក់ ជាក់ស្តែងនាំយកមកប៉ុស្តិ៍។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕