(ត្បូងឃ្មុំ)៖ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់ ❤️ កាកបាទក្រហមកម្ពុជា» ដោយទទួលបានថវិកាសរុបជាង ៥០ម៉ឺនដុល្លារ ពីសប្បុរសជននានា ដែលកាលពីឆ្នាំ២០១៨កន្លងទៅ ទទួលបានជាង៤០ម៉ឺនដុល្លារ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូជាន់ខ្ពស់ថ្នាក់ជាតិ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, លោកស្រី ឡេង សុខា ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណៈកម្មាធិការ និងសមាជិកសមាជិកា កាកបាទក្រហមខេត្ត សប្បុរសជន មន្ត្រីរាជការ អ្នកស្ម័គ្រចិត្តកាកបាទក្រហម សិស្សានុសិស្ស និងកាយរិទ្ធយ៉ាងច្រើនកុះករ។

លោកស្រី ឡេង សុខា ឲ្យដឹងថា ជាការឆ្លើយតប ទៅនិងគ្រោះមហន្តរាយនានា ក្នុងឆ្នាំ២០១៨កន្លងទៅ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានជួយសង្គ្រោះគ្រួសាររងគ្រោះ ដោយទឹកជំនន់បាន១២,២០៥គ្រួសារ ក្នុងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះមកចែកអំណោយ ដោយផ្ទាល់ ២លើក ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាជាច្រើនរូប ច្រើនលើកទៀតសរុបចំនួន ៦,៥៧៤គ្រួសារ។

ក្រៅពីនេះ ក៏មានសប្បុរសជននានា បាននាំយកស្បៀងអាហារ មកចែកជូនប្រជាពលរដ្ឋរងគ្រោះ ជាបន្តបន្ទាប់ផងដែរ។ ក្រៅពីគ្រោះទឹកជំនន់ ក៏មានគ្រោះខ្យល់ព្យុះ ខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំ និងរបើកដំបូលផ្ទះអស់១៣១ខ្នង, អគ្គិភ័យឆេះផ្ទះទាំងស្រុងអស់៥១ខ្នង, ច្រាំងទន្លេបាក់អស់១៤ខ្នង ដែលសរុបគ្រួសាររងប៉ះពាល់ ទាំងអស់១២,៤០១គ្រួសារ មានមនុស្សរួមប្រមាណជាង៤ម៉ឺននាក់។

ដោយឡែក នៅឆមាសទី១ ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយ ទៅចែកជូនពលរដ្ឋរងគ្រោះអគ្គិភ័យ ឆេះផ្ទះអស់ចំនួន១១ខ្នង, រងគ្រោះផ្ទុះគ្រាប់សំណល់ពីសង្គ្រាម របួសធ្ងន់-ស្រាល១០នាក់ ស្លាប់២នាក់, និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៣៣៥គ្រួសារ បានទទួលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូលផ្ទះធ្ងន់ និងស្រាលភ្លាមៗផងដែរ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានផ្តល់នូវថវិការចូលរួមវិស័យមនុស្សធម៌ក្នុងខេត្ត និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលរួមកម្លាំងគ្នាយ៉ាងសស្រាក់សស្រាំ ជួយពលរដ្ឋទាំងអស់ ដែលជួបនូវគ្រោះថ្នាក់ គ្រោះធម្មជាតិនានា នាពេលកន្លងមក និងបានជំរុញឲ្យបន្តសកម្មភាពដ៍ល្អបែបនេះ ជាបន្តទៀត។

ថ្លែងនាឱកាសនោះ លោក ជា សុផារ៉ា បញ្ជាក់ថា ឆ្នាំនេះសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ សប្បុរសជនបានចូលរួមជាថវិកាសរុបបានជាង ៥០ម៉ឺនដុល្លារ ក្នុងនាមលោកតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ គ្រប់លំដាប់ជាន់ថ្នាក់ទាំងអស់ និងសប្បុរសជននានា ដែលបានចូលរួមជាថវិកាជាមួយកាកបាទក្រហមកម្ពុជា ពិសេសកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលនេះ ជាកម្លាំងចលករ ជួយជំរុញវិស័យមនុស្សធម៌ ក្នុងខេត្តត្បូងឃ្មុំ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕