(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធី «រុក្ខទិវា» ៩ កក្កដា នៅឆ្នាំ២០១៩ ខាងមុខនេះ ដែលនឹងរៀបចំធ្វើឡើងនៅក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរណ៍ ខេត្តក្រចេះ។

នេះបើយោងតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសដែលលោក និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះទៅពិនិត្យមើលទីតាំងប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា សម្រាប់ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ។

បន្ទាប់ពីបានដើរពិនិត្យពីស្ថានភាពរួមរបស់ទីតាំងដាំរួចមកលោករដ្ឋមន្ត្រី ល៏បានវាយតម្លៃខ្ពស់លើសមិទ្ធផលនានាដែលក្រុមការងារសម្រេចបាន។ ទន្ទឹមនឹងនេះ លោកក៏សូមឱ្យក្រុមការងារខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាឱ្យគម្រោងរៀបចំប្រារព្ធព្រះរាជពិធីនេះ រួចរាល់សព្វគ្រប់ បានទាន់ពេលវេលាដូចដែលបានគ្រោងទុក។ មួយវិញទៀតរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំផែនការនឹងបន្តសកម្មភាពដាំដុះឱ្យបានពេញលេញលើផ្ទៃដី ៩៨៧ហិចតានេះ និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនគម្របព្រៃឈើបៃតងឡើងវិញ ជាពិសេសនៅតាមវិថីនានាក្នុងទីរួមខេត្ត។

ដោយឡែកដោយសង្កេតឃើញពីសក្តានុពល និងវិសាលភាពនៃដីនៅក្នុងទីតាំងនេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មគួរសិក្សា ពីគុណភាពដី និងលក្ខខណ្ឌអំណោយផលផ្នែកក្សេត្យបរិស្ថាន រួចសហការជាមួយរដ្ឋបាលព្រៃឈើ និងមន្ទីរខេត្តក្នុងការបង្កើតស្ថានីយពិសោធន៍ និងផលិតពូជដំណាំ ដូចជាពូជដំឡូងមី ដើម្បីធ្វើការផ្សព្វផ្សាយ និងចែកជូនកសិករដើម្បីធានាបានគុណភាព កាត់បន្ថយបញ្ហាជំងឺឆ្លង និងការនាំចូលពូជពីក្រៅប្រទេស។

សូមបញ្ជាក់ថា ការរៀបចំពិធីរុក្ខទិវានេះ តែងតែប្រព្រឹត្តទៅ នៅថ្ងៃទី ៩ ខៃកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ ស្វែងយល់ពីសារៈប្រយោជន៍នៃរុក្ខជាតិ ក៏ដូចជាស្មារតីរួមគ្នាក្នុងការថែរក្សាបរិស្ថានផងដែរ៕