(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ដល់សាធារណជន បំភ្លឺពាក់ព័ន្ធនឹងគម្រោងសាងសង់ ស្តារ និងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។

ការចេញសេចក្ដីបំភ្លឺរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញធ្វើឡើង បន្ទាប់ពីមានសារព័ត៌មាន និង Facebook មួយចំនួន បានចុះផ្សាយអត្ថបទទាក់ទងនឹងគម្រោងសាងសង់ ស្តារ និងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន របស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ។

ដើម្បីកុំឲ្យសាធារណជនមានការភ័ន្តច្រឡំ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម៖

១៖ រ.ទ.ស.ភ ជាសហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រជាសាធារណៈ កំពុងដំណើរការអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ព្រមទាំងបានធ្វើសវនកម្មដោយស្ថាប័នរដ្ឋ សវនកម្មជាតិ និងស្ថាប័នសវនកម្មឯករាជ្យស្របតាមច្បាប់កំណត់ តាំងពីឆ្នាំ១៩៩៧ រហូតមក។

២៖ គម្រោងសាងសង់ ស្តារ និងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន តម្លៃសរុប២៤,៨០៥,៥៣៦ដុល្លារអាមេរិកដែល រ.ទ.ស.ភ បានទទួលកម្ចីសម្បទានបន្តពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

៣៖ រ.ទ.ស.ភ បានផ្តល់កិច្ចសន្យាសាងសង់ ស្តារ និងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ជូនក្រុមហ៊ុនម៉ៅការសាងសង់ VINCI Construction Grands Projets ប្រទេសបារាំងក្រោយពី ដេញថ្លៃប្រកួតប្រជែងជាអន្តរជាតិ ស្របតាមនីតិវិធីលទ្ធកម្មរបស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) និងក្រោយពីបានទទួលការយល់ព្រម ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

យោងលក្ខខណ្ឌនៃកិច្ចសន្យាគឺ អនុញ្ញាតឲ្យក្រុមហ៊ុន VINCI ចុះកិច្ចសន្យាបន្តក្នុងទំហំការងារកំណត់មួយទៅឲ្យក្រុមហ៊ុនផ្សេង ដើម្បីអនុវត្តបានដូចជា ការងារដាក់បំពង់មេនាំទឹក ការផ្គត់ផ្គង់ខ្សាច់-ថ្ម ។ល។

៤៖ ផ្អែកតាមច្បាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្កើតសាខាសេវាកម្មទឹកស្អាត និងអនាម័យមួយនៅឆ្នាំ២០១២ ដែលដឹកនាំដោយអគ្គនាយករងមួយរូប (បច្ចុប្បន្នដឹកនាំដោយលោកអគ្គនាយករង ឡុង ណារ៉ូ)ក្នុងគោលបំណងបីរួមមាន៖
ធ្វើអាជីវកម្មរកចំណូលបន្ថែមសម្រាប់អង្គភាព, ចែករំលែកបទពិសោធន៍ និងធនធានដែល រ.ទ.ស.ភ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យក្នុងប្រទេសក៏ដូចជាក្នុងតំបន់, ដើម្បីមានឱកាសបានចូលរួមប្រឡូកក្នុងទីផ្សារទឹកស្អាត និងអនាម័យសំដៅរៀនសូត្រពីខាងក្រៅ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។

៥៖ ចាប់ពីឆ្នាំ២០១២មកសាខាសេវាកម្មទឹកស្អាត និងអនាម័យបានអនុវត្តការងារតាមតួនាទី របស់ខ្លួនដោយបានចុះបញ្ជីនៅអង្គភាពលទ្ធក្មម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្រិត១លើការអនុវត្តគម្រោង និងបានចុះកិច្ចសន្យាម៉ៅការបន្តពី ក្រុមហ៊ុនអន្តរជាតិជាច្រើនដែលអនុវត្តគម្រោង ក្នុងវិស័យទឹកស្អាតក្រោមការតាមដានត្រួតពិនិត្យពី ដៃគូអភិវឌ្ឍន៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

៦៖ នៅឆ្នាំ២០១៩នេះសាខាសេវាកម្មទឹកស្អាត និងអនាម័យបានចុះហត្ថលេខាម៉ៅការបន្តពី ក្រុមហ៊ុន VINCI ដើម្បីដាក់បំពង់មេនាំទឹកទំហំ ៦០០ម.ម និង៨០០ម.ម ប្រវែងសរុប៩៩៧ម៉ែត្រ ដែលមានតម្លៃកិច្ចសន្យាបន្តប្រមាណជា៦៨០.០០០ដុល្លារអាមេរិក។ បើធៀបនឹងកិច្ចសន្យាសាងសង់ ស្តារ និងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនទាំងមូលគឺស្មើនឹង ២.៧៤% នៃតម្លៃកិច្ចសន្យាសរុប២៤.៨០៥.៥៣៦ដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់ក្នុងខែសីហាឆ្នាំ២០១៩។

៧៖ រ.ទ.ស.ភ ទីប្រឹក្សាបច្ចេកទេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ នឹងបន្តធ្វើការតាមដាន និងត្រួតពិនិត្យការអនុវត្តកិច្ចសន្យាសាងសង់ ស្តារ និងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលអនុវត្តដោយក្រុមហ៊ុន VINCI បន្តទៀតដើម្បីធានាថា រោងចក្រនេះនឹងដាក់ឲ្យដំណើរការផលិតទឹកស្អាតនៅខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

ដើម្បីបញ្ជៀសនូវការយល់ច្រឡនានា រ.ទ.ស.ភ សូមស្នើដល់បណ្ដាញសារព័ត៌មានទាំងឡាយ ក៏ដូចជាតួអង្គពាក់ព័ន្ធផ្សេងទៀត សូមព្យាយាមស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតអំពី គម្រោងនានាដែល រ.ទ.ស.ភ កំពុងអនុវត្តជៀសវាងការយល់ច្រឡំ និងបកស្រាយខុសពីការពិតនាំឲ្យសាធារណជន មានការភ័ន្តច្រឡំចំពោះថ្នាក់ដឹកនាំ និង រ.ទ.ស.ភ។ ដោយឡែកសម្រាប់ករណីមានចម្ងល់ ឬសំណួរផ្សេងៗ សូមទំនាក់ទំនងមន្ត្រីព័ត៌មានរបស់ រ.ទ.ស.ភ តាមរយៈអ៊ីម៉ែល [email protected]

សូមអានសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទាំងស្រុង៖