(ភ្នំពេញ)៖ លោក Hidehisa Horinoichi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា ជប៉ុននឹងបន្តជួយគាំទ្រ និងលើកកម្ពស់សមត្ថភាពវិស័យកីឡាឆៀរលីដឌីង នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដូចដែលជប៉ុនធ្លាប់បានជួយជ្រោមជ្រែងយ៉ាងច្រើនទាំងជំនាញ និងបទពិសោធន៍កន្លងមក។

ការថ្លែងបេជ្ញារបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលសម្ភារកីឡាឆៀរលីដឌីង ដែលរៀបចំឡើង ដោយសាកលវិទ្យាល័យន័រតុន នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក Setsuo Nakamura ប្រធានសមាគមឆៀរលីដឌីងប្រទេសជប៉ុន និងជាប្រធានសហព័ន្ធឆៀរលីដឌីងអន្តរជាតិ រួមនឹង លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

លោក Hidehisa Horinoichi បានថ្លែងយ៉ាងដូច្នោះថា «សមាគមឆៀរលីដឌីងជប៉ុន បានគាំទ្រ និងលើកកម្ពស់សមត្ថភាពក្រុមឆៀរលីដឌីងកម្ពុជា ដូចជាបានអញ្ជើញគ្រូបង្វឹក និងកីឡាករឆៀរលីដឌីងកម្ពុជា៩នាក់ ដើម្បីចូលរួមការហ្វឹកហាត់រដូវក្តៅ នៅប្រទេសជប៉ុនកាលពីឆ្នាំ២០១៦»។

លោកបន្ថែមថា «ខ្ញុំសង្ឃឹមថា តាមរយៈសម្ភារកីឡាដែលបានប្រគល់ជូនទាំងនេះ កីឡាឆៀរលីដឌីងនៅកម្ពុជា នឹងរីកចម្រើនហើយការផ្លាស់ប្តូរទំនាក់ទំនងប្រទេសទាំងពីរ ក្នុងវិស័យកីឡាឆៀរលីដឌីងកាន់តែសកម្មថែមទៀត»។

សូមជម្រាបជូនថា ពិធីប្រគល់សម្ភារកីឡាលើកនេះ សមាគមឆៀរលីដឌីងជប៉ុនប្រគល់នូវស្បែកជើងកីឡាចំនួន៧៣គូ និងអាវយឺត៣៨៥អាវ ដល់សហព័ន្ធកីឡាឆៀរលីដឌីងកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ កីឡាឆៀរលីដឌីងនៅកម្ពុជាបន្ថែមទៀត។

សម្រាប់ លោក ចាន់ សុខឃាង ប្រធានសហព័ន្ធកីឡាឆៀរលីដឌីងកម្ពុជា បានឲ្យដឹងដែរថា «យើងខ្ញុំពិតជាសប្បាយរីករាយពន់ពេក ដែលទទួលបាននូវអំណោយដ៏មានតម្លៃមួយនេះ ហើយពួកយើងនឹងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងប្រុងប្រយ័ត្ន»។

ក្រៅពីនេះលោកក៏បានសំណូមពរ និងលើកទឹកចិត្ត ដល់កីឡាករ និងនិស្សិតដែលមានវត្តមានក្នុងពិធីនេះ ឲ្យចូលរួមចំណែកក្នុងសកម្មភាពកីឡា ព្រោះវាពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយវានឹងជួយពង្រឹងស្មារតី នៃភាពជាអ្នកដឹកនាំ និងសាមគ្គីភាព៕